(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការភ្ញាក់ផ្អើលចំពោះចំនួនស្ត្រីកាន់តែច្រើន ក្នុងជំនាញ IT ដូច្នេះសូមទឹកចិត្តឱ្យក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធបន្តវិនិយោគលើស្រ្តី នៅក្នុងក្របខ័ណ្ឌគោលនយោបាយជាតិ និង តាមវិស័យជាប្រព័ន្ធ តាមរយៈការរៀបចំ ថវិកាឆ្លើយតបយេនឌ័រ (Gender Responsive Budgeting) និងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងក្រសួងស្ថាប័ន។

ការបង្ហាញការភ្ញាក់ផ្ញើលបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញបិទសន្និ បាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងដូច្នេះថា៖ «ខ្ញុំឃើញកម្មវិធីរបស់ក្រសួងអប់រំ ហើយខ្ញុំមានការភ្ញាក់ផ្អើលច្រើននៅពេលដែលទៅមើលនៅសាលាតិចណូ មានការដាក់បង្ហាញសមត្ថភាព និងការធ្វើរ៉ូបូត ធ្វើ AI ហើយភ្ញាក់មុនគេគឺចំនួនស្ត្រីដែលដែលជាអ្នកជំនាញខាង IT ហើយម្សិលម្ង៉ៃជួបជាមួយនិស្សិតនិទ្ទេស A ពីរនាក់ អញ្ចឹងក្នុងនោះក៏មានស្ត្រីចាប់យកជំនាញនេះ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនាញមិនបានរើសអើងភេទនោះឡើយ សិទ្ធិស្មើរគ្នា ខិតខំស្មើគ្នា ក្នុងកងទ័ពកម្ពុជា​ក៏មាននារី បើករថក្រោះ កងទ័ពកម្ពុជា ដែលចេញទៅបំពេញភារកិច្ចនៅក្រៅប្រទេសក៏មាននារីជាច្រើនផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការផ្តល់ឱកាសស្មើគ្នាក្នុងការចាប់យកអាជីព ដូច្នេះ ត្រូវតែបន្តជំរុញ និងផ្តល់ឱកាសដោយគ្មានការរើសអើង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជាខ្លាំងទៅលើតួនាទីរបស់ស្ត្រី នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការធ្វើស្ថាប័ននូបណីយកម្ម និងការបញ្ជ្រាបយេនឌ័រ នៅតាមក្រសួង-ស្ថាប័ននានា ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ដោយបានផ្ដល់បរិយាកាសអំណោយផល និងកាលានុវត្តភាពដល់ស្ត្រី ចូលរួមប្រកបដោយសក្ដានុពល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងបន្តមរកតដ៏ថ្លៃថ្នារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈការបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីស្ត្រី នៅក្នុងសង្គមជាតិ ដោយផ្ដល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលនឹងបន្តពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ បរិយាប័ន្ន ដែលក្នុងនោះស្រ្តី គឺជាស្នូលដ៏សំខាន់ តាមរយៈការផ្ដល់ឱកាសបន្ថែមទៀតសម្រាប់ការចូលរួមរបស់ស្ត្រីឱ្យកាន់តែច្រើន និងកាន់តែទូលំទូលាយក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាក់ស្ដែងរាជរដ្ឋាភិបាល បានបន្តកំណត់សមភាពយេនឌ័រ និងការបង្កើតភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅលើគ្រប់វិស័យ ដែលជាអាទិភាពក្នុងរបៀបវីរៈគោលនយោបាយនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយជាតិស្ដីពីការសមភាពយេនឌ័រ ដែលនឹងប្រកាសអនុវត្តឆាប់ៗខាងមុខនេះ៕