(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានស្នើឲ្យក្រសួងមហាផ្ទៃ ពិនិត្យលទ្ធភាព ក្នុងការរៀបចំតែងតាំង ស្ត្រីដែលជាអភិបាលរងរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឲ្យបម្រើការងារនៅមូលដ្ឋាន ដែលនៅជិតក្រុមគ្រួសារ ដើម្បីផ្ដល់ភាពងាយស្រួយជូនពួកគាត់។

ការស្នើបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី។ ពិធីនេះ រៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីរក្សាភាពសុខដុមរមនា នៅក្នុងក្រុមគ្រួសារ និងប្រសិទ្ធភាពការងារ ខ្ញុំសូមស្នើឲ្យក្រសួងមហាផ្ទៃ ពិនិត្យលទ្ធភាព ក្នុងការរៀបចំតែងតាំង ស្ត្រីដែលជាអភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយផ្ដល់ឱកាសបម្រើការងារនៅមូលដ្ឋាន ដែលនៅជិតគ្រួសាររបស់គាត់»

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងថា កិច្ចការងារនេះ សម្ដេចបានប្រគល់ឲ្យលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យមើល នៅក្នុងការរៀបចំ ព្រោះថា កន្លងទៅដោយសារតែច្បាប់ មានត្រឹម២អាណត្ដិ ដូច្នេះនៅពេលដែលចប់អាណត្ដិ ត្រូវធ្វើការផ្លាស់ប្ដូរទីតាំង។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឲ្យក្រសួងកិច្ចការនារី បន្តដឹកនាំសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្នុងការបញ្ចូលនូវអាទិភាពទាំងនេះ ទៅក្នុងដំណើរការអភិវឌ្ឍ និងគោលនយោបាយជាតិ ស្ដីពីសមភាពយេនឌ័រ, ផែនការយុទ្ធសាស្រ្តនារីរតនៈ និងក្របខណ្ឌគោលនយោបាយ និងកម្មវិធីតាមវិស័យ ស្របតាមរបៀបវារៈរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកការលើកកម្ពស់ សមភាពយេនឌ័រ ជាអភិក្រមអាទិភាពស្នួល និងអន្តរវិស័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ទៅក្រសួងកិច្ចការនារី និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តកម្មវិធី និង វិធានការនានា ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់កម្រិត និងគ្រប់វិស័យ ដើម្បីធានាថា ប្រជាជនគ្រប់រូប, ទាំងស្ត្រី និងបុរសមានសិទ្ធិ និងឱកាសពេញលេញ ក្នុងការទទួលបានជម្រើស និង ភាពជាតំណាង ក្នុងការចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយបរិយាប័ន្ន និងចីរភាព៕