(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានថ្លែងជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បន្តកិច្ចសហការពង្រឹង និងពង្រីកវិធានការគាំទ្រដល់សហគ្រិនស្ត្រី សំដៅលើកកម្ពស់សមភាពយេនឌ័រឱ្យកាន់តែប្រសើរ។

ការជំរុញនេះធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញបិទសន្និ​បាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការ​នារី នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាដូច្នេះថា «ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន សូមបន្តកិច្ចសហការពង្រឹង និងពង្រីក វិធានការគាំទ្រដល់សហគ្រិនស្ត្រី ដែលដឹកនាំសហគ្រាសខ្នាតតូច និងមធ្យម, លើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ សម្រាប់ស្ត្រី និង លើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គម ។

ជាមួយគ្នានេះ សម្តេចបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និងបរិយាប័ន្ន ដែលក្នុងនោះ ស្ត្រី គឺជាស្នូល តាមរយៈការផ្តល់ឱកាសបន្ថែមទៀត សម្រាប់ការចូលរួមរបស់ស្ត្រីឱ្យកាន់តែច្រើន និង ទូលំទូលាយ ក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ។

សម្តេចបន្ថែមថា រាជរដ្ឋាភិបាលបានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈ គោលនយោបាយ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលប្រកាសដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ និងគោលនយោបាយជាតិ ស្តីពីសមភាពយេនឌ័រ ដែលនឹងត្រូវដាក់ឱ្យអនុវត្តឆាប់ៗនេះ។

យោងតាមទិន្នន័យនៃការស្រាវជ្រាវ គិតចាប់ពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ន សហគ្រិននៅប្រទេសកម្ពុជា មានរហូតដល់ជាង៥០ម៉ឺននាក់ ដែលក្នុងនោះស្ដ្រីដែលជាម្ចាស់របស់សហគ្រាសមានរហូតដល់ជាង៣០ម៉ឺនសហគ្រិន ឬស្មើនឹង៦០ភាគរយនៃចំនួនសហគ្រិនសរុប។

បើតាមរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ដែលត្រូបានប្រកាសផ្សព្វផ្សាយ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣បានឱ្យដឹងថា នៅប្រទេសកម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣ ៦៧០ សហគ្រាស គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។ ចំនួនអ្នកចូលរួមការងារ នៅក្នុងអង្គភាពសេដ្ឋកិច្ចមានចំនួន ២ ៩៨០ ៥៦៩នាក់ ក្នុងនោះបុរសមាន ១ ១៣៩ ២០៧ នាក់ ស្មើនឹង៣៨.២% និងស្ត្រីមាន ១ ៨៤១ ៣៦២នាក់ ស្មើនឹង ៦១.៨%៕