(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា (ម.ជ.ម.) កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានប្រារព្វពិធីអបអរសាទរខួបគម្រប់ ១០ឆ្នាំនៃការបង្កើត ម.ជ.ម. នៅសណ្ឋាគារ ហៃយ៉ាត់រ៉ីជិនស៊ី ភ្នំពេញ ក្នុងគោលបំណងអបអរសាទរ និងថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងការបង្កើត និងគាំទ្រ ដល់ ម.ជ.ម. រួមមាន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ សហគមន៍ធុរកិច្ចជាតិ និងអន្តរជាតិ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ក្រុមប្រឹក្សាប្រតិបត្តិរបស់ ម.ជ.ម. គ្រប់អាណត្តិ ក្រុមប្រឹក្សាពិគ្រោះយោបល់ ព្រមទាំងសមាជិកមជ្ឈត្តករ សមាជិកជានីតិបុគ្គល ក្រុមការងារអគ្គលេខាធិការដ្ឋានទាំងអស់របស់ ម.ជ.ម. និងស្ថាប័នពាក់ព័ន្ធដទៃទៀត។

ពិធីអបអរសាទរខួបគម្រប់១០ឆ្នាំ នៃការបង្កើត ម.ជ.ម. នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ចម និម្មល រដ្ឋមន្ដ្រីកសួងពាណិជ្ជកម្ម និងលោកមជ្ឈត្តករ សាន គីរី ប្រធាន ម.ជ.ម.។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងស្ថាប័ននានាដូចជា៖ ក្រសួងយុត្តិធម៌, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា, ស្ថាប័នតុលាការ, គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, ការិយាល័យមេធាវី, សភាពាណិជ្ជកម្ម នានានៅកម្ពុជា, សមាគមនធុរកិច្ច, សមាគមនអ្នកច្បាប់, មជ្ឈមណ្ឌលមជ្ឈត្តការអន្តរជាតិក្នុងតំបន់ និងអន្តរជាតិ, មជ្ឈមណ្ឌលសន្ធានកម្មក្នុងតំបន់, សាកលវិទ្យាល័យច្បាប់នានា និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

លោក បួន សារៈមុនី បានលើកឡើងថា «ម.ជ.ម. គឺ ជាទ្រព្យមួយរបស់ជាតិ ដែលយើងខ្ចប់ជាកញ្ចប់វិនិយោគមួយដើម្បីទាក់ទាញ អ្នកវិនិយោគឱ្យចូលមកវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជាប្រកបដោយទំនុកចិត្ត ហើយការទុកចិត្តជាសាធារណៈមកលើ ម.ជ.ម. ជារឿងសំខាន់»

លោកមជ្ឈត្តករ សាន គីរី បានលើកឡើងថា “ក្នុងរយៈពេល ១០ ឆ្នាំមកនេះ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម សម្រេចបានសមិទ្ធិផល ជាច្រើនគួរជាទីមោទនៈ ជាអាទិ៍ ការផ្លាស់ប្ដូរទីស្នាក់ការមកកាន់មជ្ឈមណ្ឌលពាណិជ្ជកម្ម GIA Tower នៅលើកោះពេជ្យនៅឆ្នាំ២០១៩ ការធ្វើទំនើបកម្មវិធានស្ដីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្មនៅឆ្នាំ២០២១ ការអនុម័តវិធានស្ដីពីសន្ធានកម្ម និងដាក់ឱ្យដំណើរការនូវសេវាសន្ធានកម្មនៅក្នុងឆ្នាំ២០២៣។

លោកសង្ឃឹមជឿជាក់ថា មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម នឹងក្លាយជាស្ថាប័នដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការមួយ ដែលមានកេរ្តិ៍ឈ្មោះនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ តាមរយៈការផ្ដល់សេវាដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានភាពឆាប់រហ័ស៕