(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានផ្ញើសារក្រើនរំលឹកជាថ្មី ដល់ស្ដ្រីដែលប្រកបរបរលក់ដូរ ឬផ្សព្វផ្សាយផលិតផលតាមអនឡាញមួយចំនួន មិនត្រូវធ្វើឲ្យបាត់បង់តម្លៃ និងសេចក្ដីថ្លៃថ្នូរជាស្ដ្រីខ្មែរឡើយ។

ការក្រើនរំលឹករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ដសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី និងបន្ទាប់ពីសម្ដេចមើលឃើញនូវភាពខុសឆ្គង់មិនគួរគប្បីមួយរបស់អ្នកលក់ផលិតផលតាមអនឡាញនាពេលបច្ចុប្បន្ននេះ។

បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, កន្លងទៅនេះស្ដ្រីអ្នកផ្សព្វផ្សាយផលិតផលតាមអនឡាញមួយចំនួន ត្រូវបានឃាត់ខ្លួនក្រោយផ្សព្វផ្សាយជ្រុលហួសហេតុពេក នៅតាមបណ្ដាញសង្គម ដែលនាំឲ្យប៉ះពាល់ដល់តម្លៃស្ដ្រីខ្មែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្មួយៗប៉ុន្មានរូប ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធការផ្សព្វផ្សាយជ្រុលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អំពីការលក់ផលិតផលដែលហួសហេតុ។ ពិតណាស់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ រួមទាំងសិទ្ធិរបស់នារីត្រូវបានលើកតម្កើន ប៉ុន្ដែយើងក៏ត្រូវតែមានកាតព្វកិច្ចនៅក្នុងការថែរក្សា និងការពារនូវតម្លៃសង្គម តម្លៃវប្បធម៌ប្រពៃណី ហើយជាពិសេសតម្លៃស្ដ្រីខ្មែរ»

សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា ទោះបីជាប្រទេសកម្ពុជាអភិវឌ្ឍន៍រីកចម្រើន ឈានដល់កម្រិតណាក៏ដោយនោះ ប៉ុន្ដែអត្តសញ្ញាណ មិនត្រូវលុបបំបាត់នោះទេ ពោលពិភពលោកបានធ្វើសកលភាវូបនីយកម្ម នៅស្ដង់ដារសម្ភារ ស្ដង់ដារនៃការសិក្សា ស្ដង់ដារនៃតម្លៃទីផ្សារ ការអនុវត្តគោលនយោបាយទីផ្សារសេរី ការអនុវត្តលទ្ធិប្រជាធិបតេយ្យមួយចំនួន ប៉ុន្ដែនៅលើពិភពលោកនៃគ្មានស្ដង់ដារណាមួយដែលឲ្យអនុវត្តគ្រប់ប្រទេសទាំងអស់គ្នាទេ គឺត្រូវគោរពនូវតម្លៃនៃមូលដ្ឋាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើទៀតថា គ្រាដែលប្រព័ន្ធបច្ចេកវិទ្យាកាន់តែអភិវឌ្ឍន៍ឈានឡើង ហើយមធ្យោបាយក្នុងការផ្សព្វផ្សាយលក់ផលិតផល កាន់តែសំបូរបែបនោះ ពិសេសតាមរយៈបណ្ដាញសង្គមដោយការបង្កើតនូវមាតិការផ្សេងៗជាច្រើន ប៉ុន្ដែអ្វីដែលធ្វើឲ្យអ្នកទិញផលិតផលចាប់អារម្មណ៍ មិនចាំបាច់ទាល់តែបង្កើតមាតិកាអាសអាភាសនោះទេ ដូច្នេះត្រូវជៀសវាងការផ្សព្វផ្សាយជ្រុលហួសហេតុ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងកិច្ចការនារី តាមដានសកម្មភាពរបស់ស្ត្រីមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌ និងសីលធម៌របស់ស្ត្រីខ្មែរ។ ក្នុងន័យនេះ សម្ដេចបានពន្យល់ថា ការតាមដាននេះមិនមែនជាការបិទសិទ្ធិសេរីភាពរបស់បុគ្គលនោះទេ ហើយក៏មិនមែនប៉ះដៃយកដៃ ប៉ះជើងយកជើងនោះទេ ពោលគ្រាន់តែតម្រង់ទិសដើម្បីកុំឲ្យហួសបន្ទាត់ក្រហម នៃសិទ្ធិសេរីភាពតែប៉ុណ្ណោះ។

គួរជម្រាបថា ក្នុងសម័យបច្ចេកវិទ្យារីកចម្រើននៅពេលបច្ចុប្បន្ននេះ ការប្រកបអាជីវកម្មតាមអនឡាញ ដូចជាការលក់ម្ហូបអាហារ ផលិតផលប្រើប្រាស់ និងគ្រឿងសម្អាតជាដើមនោះ កំពុងមានការពេញនិយមជាខ្លាំង ហើយអ្នកលក់ភាគច្រើនជាស្ដ្រី។ ក្នុងនោះ មានការបង្កើតនូវមាតិកាផ្សេងៗគ្នាជាច្រើន ដើម្បីទទួលបានការចាប់អារម្មណ៍ពីមហាជន ប៉ុន្ដែមាតិកាខ្លះហាក់ជ្រុលហួសហេតុ ប្រៀបដូចជាការបំពុលសង្គមទៅវិញ។

ប៉ុន្ដែកន្លងមកនេះ អាជ្ញាធរមានសមត្ថកិច្ច ក៏បានកោះហៅបុគ្គលមួយចំនួនមានទាំងបុរស និងស្ដ្រី ទៅធ្វើការអប់រំណែនាំ ហើយមានករណីខ្លះទៀត រហូតប្រើប្រាស់វិធានការច្បាប់ដោយចាប់បញ្ជូនទៅតុលាការផងដែរ។ តាមរយៈការណែនាំ និងក្រើនរំលឹកជាថ្មីរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានៅពេលនេះ គេរំពឹងថា សកម្មភាពខុសឆ្គង់របស់អ្នកលក់ផលិតផលអនឡាញមួយចំនួននៅតាមបណ្ដាញសង្គម នឹងត្រូវលុបបំបាត់ផងដែរ៕