(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រសួងកិច្ចការនារី បន្តតាមដានសកម្មភាពរបស់ស្ត្រីមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ និងសីលធម៌របស់ស្ត្រីខ្មែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និ​បាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការ​នារី នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

បើតាមប្រសាសន៍សម្តេចធិបតី ករណីមនុស្សប៉ុន្មានរូបដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការផ្សព្វផ្សាយជ្រុល នៅលើប្រព័ន្ធផ្សព្វផ្សាយ អំពីការលក់ផលិតផល ព្រោះជាអំពើហួសហេតុ។ ពិតណាស់ សិទ្ធិរបស់ប្រជាពលរដ្ឋ និងសិទ្ធិនារី ត្រូវបានលើកតម្កើង ប៉ុន្តែយើងក៏មានកាតព្វកិច្ចថែរក្សា និងការពារតម្លៃសង្គម តម្លៃវប្បធម៌ និងប្រពៃណី ជាពិសេសតម្លៃស្ត្រីខ្មែរ។

សម្តេចបានបន្តថា ទោះបីប្រទេសយើងអភិវឌ្ឍថ្ងៃក្រោយ ដល់ណាក៏ដោយ សម្តេចគិតថា អត្តសញ្ញាណយើងមិនត្រូវបាត់ទេ។ ពិតណាស់ សាកលភាវូបនីយកម្ម ស្តង់ដារសម្ភារ ស្តងដារនៃការសិក្សា និងស្តង់ដារនៃតម្លៃទីផ្សារមួយចំនួន វាអាចប្រមូលផ្តុំ ជាមួយគ្នាបាន។ ការអនុវត្តគោលនយោបាយទីផ្សារសេរី ការអនុវត្តលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែនៅលើលោកនេះគ្មានស្តង់ដារណាមួយឲ្យអនុវត្តទេ គឺត្រូវគោរពនូវតម្លៃមូលដ្ឋានផង។ អីចឹង នៅកម្ពុជាយើង សិទ្ធិសេរីភាពបុគ្គល ជាពិសេសស្ត្រីចាំបាច់ត្រូវតែលើកតម្កើង ប៉ុន្តែមិនត្រូវហួសព្រំដែន ពិសេសមិនត្រូវបាត់បង់អត្តសញ្ញាណដែលជាស្ត្រីខ្មែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឥលូវ តាមរយៈការ View ច្រើនបានលុយ ពេលខ្លះធ្វើឲ្យមនុស្សភ្លេចនូវព្រំដែន ធ្វើអ្វីក៏ធ្វើឲ្យតែមានមនុស្សមើលច្រើន។ កុំភ្លេចថា អ្នកឲ្យក្រឌីតនេះ នៅប្រទេសគេ គេមានវប្បធម៌ផ្សេង។​ ខ្ញុំក៏ឃើញបងប្អូន បង្កើតមាតិកា ហើយបានការមើលច្រើន និងមានព្រំដែនសីលធម៌ មិនចាំបាច់ចំអាស លក់ផលិតផលដូចតែគ្នា មិនចាំបាច់ហួសព្រំដែន។ អីចឹង បើគាត់អនុវត្តលើសព្រំដែន យើងត្រូវតម្រង់ទិស។ ការដាក់ទណ្ឌកម្មនេះ មិនមែនជាការធ្វើបាបទេ ប៉ុន្តែជាការដាស់តឿនថា ក្មួយ ប្អូន បានដើរហួសព្រំដែន។ កន្លងទៅ មានការហួសព្រំដែន បងប្អូនយើងបានចេញ Comment ប្រាប់ថា កុំធ្វើអីចឹង រហូតដល់ក្រសួងដាក់ពាក្យប្តឹង និងដល់ការឃាត់ខ្លួន គឺមហាជនបានប្តឹងហើយ»

សម្តេចបានបន្ថែមថា «ខ្ញុំសូមលើកទឹកចិត្តឲ្យក្រសួងកិច្ចការនារីបន្ត ប៉ុន្តែនិយាយអីចឹងមិនមែនមានន័យថា ប៉ះដៃកាច់ដៃប៉ះជើងកាច់ជើងទេ យើងត្រូវអនុវត្តវិធានការណែនាំតម្រង់ទិស។ ខ្ញុំបានឃើញ ក្រសួងបានដើរតួនាទីសំខាន់ ហើយដាក់ចេញនារីរតនៈ ៥ដំណាក់កាល ដំណាក់កាលទី៦ ការអប់រំបណ្តុះបណ្តាលផ្សេងៗទៀត សហការជាមួយដៃគូគ្រប់វិស័យទាំងអស់ ដើម្បីយើងបញ្ជ្រាប ក៏ដូចជាថែទាំ»

សូមជម្រាបថា អ្នកលក់អនឡាញស្រីប្រុស ចំនួន៥នាក់ ត្រូវបានសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយត្រូវកម្លាំងនគរបាលចាប់ខ្លួន ដោយសារពួកគេរួមគ្នាឡាយវីដេអូតាមបណ្ដាញសង្គមបង្ហាញនូវកាយវិការ និងពាក្យសម្ដីអាសអាភាស នាំឲ្យប៉ះពាល់ដល់កិត្តិយសនារីខ្មែរ។ អ្នកទាំង៥ បានបង្ហោះ និងឡាយវីដេអូ ក្នុងបណ្តាញសង្គម និងបណ្តាញ Tik Tok ដែលសមត្ថកិច្ចថា ជាករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ញុះញង់ឲ្យមានការរើសអើង និងសញ្ចារកម្ម។

ជនសង្ស័យទាំង ៥នាក់ខាងលើ ត្រូវបានចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ដោយចោទប្រកាន់អំពើនេះ ជាបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ញុះញង់ឲ្យមានការរើសអើង និងសញ្ចារកម្ម តាមបញត្តិមាត្រា២៨៤, មាត្រា៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។

ជាមួយនឹងការណែនាំខាងលើ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរំលឹកថា ករណីសម្តេចឲ្យក្រសួងធម្មការ និងសាសនា តាមដានរាល់សកម្មភាពបដិបត្តិជំនឿសាសនា​លើសពីព្រំដែនផងដែរ៕