(ស្វាយរៀង)៖ កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន៥នាក់ ដកហូតបានថ្នាំញៀនជាង ២គីឡូក្រាម អាវុធវែង ខ្លីចំនួន៣ដើម រួមជាមួយគ្រាប់កាំភ្លើងជិត ១ពាន់គ្រាប់ និងសម្ភារមួយចំនួនធំ។

សមត្ថកិច្ចខេត្តស្វាយរៀង បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីៈ រស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី៥-៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៨និង៣០នាទី កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាតនៅចំណុចអាគារជួលស្នាក់នៅស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងថា ក្នុងក្នុងការបើកប្រតិបត្តិការនេះកម្លាំងជំនាញបានដកហូតវត្ថុតាង និងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ (ជនជាតិចិនតៃវ៉ាន់) និងចាប់យកវត្ថុតាងសម្ភាររួមមាន៖ ថ្នាំញៀនប្រភេទកេតាមីនចំនួន១៥កញ្ចប់ ទម្ងន់២២៤៥,០៦ក្រាម (២គីឡូ២៤៥,០៦ក្រាម) ថ្នាំញៀនគ្រាប់ប្រភេទអុិចស្តាសុី ទម្ងន់ ៣៩,០១ក្រាម។ ជញ្ជីងថ្លឹងថ្នាំញៀន ៤គ្រឿង អាវុធវែង១ដើម មានគ្រាប់ ៩៥គ្រាប់ បង់២ និងអាវុធខ្លី២ដើម មានគ្រាប់ ៨៣៣គ្រាប់ បង់៥ បំពង់ពង់ផ្ទប់សម្លេង២ដើម។ ទូរសព្ទដៃ៣១ គ្រឿង, ឡេបថប១គ្រឿង, លិខិតឆ្លងដែន ១៩ក្បាល,ប្រាក់ដូល្លា ២០០០ដុល្លារ, រថយន្ត២ គ្រឿង ព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀត។

 បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕