(កំពង់ធំ)៖ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា អាជ្ញាធរ និងមន្ត្រីជំនាញត្រូវស្រង់ចំនួនទីតាំងអាជីវកម្មទទួលបញ្ចាំឲ្យត្រឹមត្រូវច្បាស់លាស់ ទាំងស្របច្បាប់ ទាំងមិនស្របច្បាប់។

លោក ងួន រាសី បានដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ។

លោកបន្តថា កម្ពុជាជាប្រទេសនីតិរដ្ឋមានច្បាប់ ត្រូវគោរពតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា អ្នកដែលត្រូវបំពេញកាតព្វកិច្ចទាំងឡាយ ត្រូវអនុវត្តតាមច្បាប់ ពិសេសអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធជាដៃគូសហការ ជំរុញការអនុវត្តអ្នកប្រកបផលរបរត្រូវធ្វើការគោរពឱ្យបានត្រឹមត្រូវដើម្បីឱ្យអ្នកប្រកបផលរបរធ្វើតាមច្បាប់។

លោកបន្តទៀតថា «យើងត្រូវរួមគ្នាធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ ព្រោះយើងមានច្បាប់រួចហើយ ក៏ប៉ុន្តែការអនុវត្តឱ្យបានត្រឹមត្រូវទាំងអ្នកគ្រប់គ្រង អ្នកអនុវត្តនៅមានខ្វះចន្លោះទាក់ទង នៃការបញ្ចាំដែលមានផលប៉ះពាល់ច្រើន យ៉ាងទន្ទឹមនោះ យើងត្រូវយល់ដឹងពីច្បាប់ទើបយើងជំរុញឱ្យពួកគាត់អនុវត្តច្បាប់»

លោក ងួន រាសី បានលើកឡើងថា ប្រកាសនេះមានគោលដៅកំណត់យន្តការ វិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យប្រតិបត្តិការអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានដែលមានអាជ្ញាប័ណ្ណ លិខិតគតិយុត្តិដែលចេញដោយក្រសួងជំនាញដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុន សហគ្រា ប្រកបអាជីវកម្មទទួលបញ្ចាំ ឬធ្វើអាជីវកម្មទទួលប្រាតិភោគ ដោយអនុប្បទានបានស្របតាមលក្ខខណ្ឌច្បាប់ត្រឹមត្រូវ៕