(កំពង់ឆ្នាំង)៖ ដោយសារតែបច្ចុប្បន្ននេះទាំងស្រូវវស្សា និងស្រូវប្រាំងកំពុងមានតម្លៃខ្ពស់ ធ្វើឱ្យប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង មានទឹកចិត្តក្នុងការបង្ករបង្កើនផលស្រូវទាំងស្រូវប្រាំង និងស្រូវវស្សាយ៉ាងផុលផុសនៅគ្រប់ទីកន្លែង។ ដោយឡែកប្រជាកសិកររស់នៅក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ដែលប្រកបមុខរបរធ្វើស្រែប្រាំងដែរនោះ ពួកគាត់ក៏បាននាំគ្នាសម្រុកចុះភ្ជួររាស់ និងសាបព្រួសគ្រប់ក្រុមគ្រួសារផងដែរ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង លោក សាយ សត្យា បានចុះទៅដល់វាលស្រែប្រាំងដ៏ធំមួយស្ថិតនៅចំណុចបឹងឆ្អឹងដំរី ក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងបានពិនិត្យឃើញទិដ្ឋភាពជាក់ស្ដែងនៅទីនោះ ឃើញមានប្រជាកសិករជាច្រើននាក់ កំពុងញាប់ដៃ ញាប់ជើងដោយអ្នកខ្លះកំពុងភ្ជួររាស់ដីដើម្បីសាបព្រួសស្រូវ អ្នកខ្លះកំពុងបូមទឹកបញ្ចូលស្រែ ខ្លះទៀតបាននិងកំពុងបាញ់ថ្នាំកំចាត់សត្វល្អិតក្នុងស្រែ និងប្រជាកសិករខ្លះទៀតកំពុងចាប់ផ្ដើមព្រួសស្រូវជាបណ្ដើរៗផងដែរ។

ដោយឡែកស្រូវស្រែភាគច្រើននៅក្នុងភូមិសាស្ត្រខាងលើនេះ ក៏ឃើញមានសំណាបស្រូវខ្លះដុះលូតលាស់វែងៗពេញស្រែ និងមានពណ៌ខៀវស្រង៉ាត់ដែលធ្វើឲ្យប្រជាកសិកររីករាយចំពោះដំណាំស្រូវរបស់ពួកគាត់ ដែលកំពុងលូតលាស់ផងដែរ។

ជួបជាមួយប្រជាកសិករម្នាក់ឈ្មោះ មាស ចន្ថា មានទីលំនៅក្នុងភូមិទឹកហូត ឃុំទឹកហូត បានប្រាប់ឲ្យដឹងថា បងប្រុសមានស្រែមួយខ្ទង់ ដែលមានទំហំជាងកន្លះហិកតា ស្រែរបស់គាត់នេះរាល់ឆ្នាំគឺទទួលបានទិន្នផលជាមធ្យមជាង ៣តោនក្នុងមួយរដូវ។ ទិន្នផលស្រូវទាំងអស់នេះនៅពេលប្រមូលផលម្តងៗ គឺបងប្រុសបានលៃទុកសម្រាប់ហូបខ្លះ និងសល់ខ្លះលក់យកប្រាក់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ។

បងប្រុសបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះប្រជាកសិកររស់នៅក្នុងមូលដ្ឋានរបស់បងប្រុស គឺមានការសប្បាយចិត្ត និងរីករាយឧបមាដោយសារតែរយៈពេល២ឆ្នាំកន្លងមកនេះទាំងស្រូវប្រាំង និងស្រូវវស្សាបានតម្លៃខ្ពស់ ដែលធ្វើឲ្យប្រជាកសិករមានទឹកចិត្ត និងកម្លាំងចិត្តក្នុងការបង្កបង្កើនផលស្រូវ ចំណែកអ្នកដែលមានស្រែច្រើន គឺគេអាចលក់ចេញបានប្រាក់ច្រើនសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេឲ្យមានជីវភាពធូរធារមួយកំរិត ទៀតផងដែរ។ បងប្រុសក៏បានសំណូមពរសុំឱ្យថ្នាក់ដឹកនាំលោកមេត្តាជួយបញ្ចុះតម្លៃប្រេង តម្លៃថ្នាំកំចាត់សត្វល្អិត និងតម្លៃជីឲ្យបានចុះថ្លៃជាងនេះបន្តិច នោះទាំងរូបគាត់ក៏ដូច ជាប្រជាកសិករទាំងអស់ពិតជាទទួលបានចំណូលច្រើន សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យមានជីវភាពធូរធារមួយកំរិតថែមទៀត។

ដោយឡែកប្រជាកសិករមួយរូបទៀតឈ្មោះ អៀង សុជា រស់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ បានឲ្យដឹងផងដែរថា រូបគាត់ជាប្រជាកសិករប្រកបមុខរបរធ្វើស្រែប្រាំងជាយូរឆ្នាំមកហើយ។ គាត់មានដីស្រែប្រាំង ទំហំជាង៣ហិកតា ចំណែកដីស្រែទាំង៣ហិកតានេះ ប្រសិនបើគាត់ធ្វើដោយយកចិត្តទុកដាក់ក្នុងការថែទាំឲ្យបានដិតដល់ទាំងការបាញ់ ថ្នាំកំចាត់សត្វល្អិតទាំងការប្រើជី និងការបូមទឹកបញ្ចូលស្រែ នោះគាត់នឹងទទួលទិន្នផលបានជាង៦ តោនក្នុងមួយហិកតា។

គាត់បានបន្តឲ្យដឹងទៀតថា រាល់ឆ្នាំគាត់ពុំសូវបានយកចិត្តទុកដាក់ក្នុងការប្រើជី បាញ់ថ្នាំ និងថែទាំឲ្យ បានដឹតដល់នោះទេ ដោយសារតែខ្វះថវិកាទិញប្រេ ង ទិញជី នឹងទិញថ្នាំសម្លាប់សត្វល្អិត ដូច្នេះទិន្នផលដែលទទួលបានក្នុង ១ហិកតាតែត្រឹម៥តោនតែប៉ុ ណ្ណោះ។តែក៏អាចបានកង្រៃខ្លះសម្រាប់ផ្គត់ផ្គង់ជីវភា ពគ្រួសារខ្លះដែរដោយសារតែកាលពីឆ្នាំមុនតម្លៃស្រូវក៏បានថ្លៃគួរសម រីឯឆ្នាំនេះដោយសារស្រូវមានតម្លៃខ្ពស់គឺគាត់ត្រូវតែធ្វើទៅតាម បច្ចេកទេសឲ្យបានត្រឹម ត្រូវដោយប្រើប្រាស់ជី បាញ់ថ្នាំ និងថែទាំឲ្យបានដឹតដល់ ដើម្បីឲ្យទទួលបានទិន្នផលខ្ពស់សម្រាប់លក់យកថវិកាដោះស្រាយតម្រូវការផ្សេងៗក្នុងការទ្រទ្រ ង់ជីវភាពក្នុងគ្រួសសារ។

យោងតាមរបាយការណ៍ ដែលលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានផ្ញើមកកាន់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា តម្លៃស្រូវក្នុងសប្តាហ៍នេះ គឺៈស្រូវក្រអូប (ស្ងួត)តម្លៃ១ ,៥៥០រៀល ក្នុងមួយគីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២៣ ចំនួន១៩០រៀល ក្នុងមួយគីឡូក្រាម, ស្រូវចម្រុះ (ស្ងួត) ជាមធ្យម ១,៣០០ ក្នុងមួយគីឡូក្រាមខ្ពស់ជាងឆ្នាំ ២០២៣ ចំនួន៧០រៀល ក្នុងមួយគីឡូក្រាម៕