(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

បន្ទាប់ពីបានពិភាក្សា និងពិនិត្យលើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

១៖ កែសម្រួល និងឯកភាពជាគោលការណ៍លើសេចក្តីណែនាំ ស្តីពីការហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

២៖ កែសម្រួល និងឯកភាពលើខ្លឹមសារឯកសារការពារសន្តិសុខបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

*សេចក្តីសម្រេច ស្តីពីការអនុញ្ញាតឱ្យប្រើប្រាស់ប្រឡង់ដៃសន្តិសុខ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត
*គំរូប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោត
*ខិត្តបណ្ណ ខ្នាត និងប្រព័ន្ធការពារសន្តិសុខនៃការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។

៣៖ ឯកភាពលើឯកសារ ចំនួន៥ សម្រាប់ធ្វើការជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត សរុបចំនួន១៩៨រូប ដែលជា មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី នៅតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង២៥ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

៤៖ ក្នុងរបៀបវារៈផ្សេងៗ៖

*គ.ជ.ប សម្រេចដាក់ឱ្យប្រើជាផ្លូវការនូវបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មាធិការជាតិ-រៀបចំការបោះឆ្នោត ឆ្នាំ២០២៤។
*គ.ជ.ប បានពិនិត្យ និងសម្រេចលើឯកសារ ចំនួន១៣ ឯកសារពាក់ព័ន្ធនឹង ការប្រឡងប្រជែងផ្ទៃក្នុងប្ដូរប្រភេទក្របខណ្ឌមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិ-រៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ឆ្នាំ២០២៤។

អង្គភាពជំនាញបានធ្វើសេចក្តីរាយការណ៍ អំពីបណ្តឹងពាក់ព័ន្ធនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មានពាក្យបណ្តឹងតវ៉ា និងបណ្តឹងជំទាស់ សរុបចំនួន២២ពាក្យបណ្តឹង នៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ចំនួន៨ ដែលកំពុងធ្វើការដោះស្រាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ បន្ទាប់មកអង្គប្រជុំ គ.ជ.ប បានពិភាក្សាអំពីអង្គហេតុ និងអង្គច្បាប់ពាក់ព័ន្ធនឹងការដោះស្រាយពាក្យបណ្តឹងទាំងនោះ។

នាឱកាសនោះដែរ លោក ប្រាជ្ញ ចន្ទ បានណែនាំដល់លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប រួមជាមួយអង្គភាពជំនាញ សិក្សាស្រាវជ្រាវច្បាប់ ដើម្បីជាមូលដ្ឋានសម្រាប់ គ.ជ.ប ធ្វើការដោះស្រាយក្នុងករណីមានពាក្យបណ្តឹងឡើងមកដល់ថ្នាក់ គ.ជ.ប។

យោងតាមច្បាប់ និងបទបញ្ជា និងនីតិវីធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង មានបីថ្នាក់ គឺនៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងនៅក្រុមប្រឹក្សាធម្មនុញ្ញ។ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕