(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូខេត្តចុះសិក្សាស្វែងយល់ការរស់នៅរបស់គ្រួសារទ័ព និងសួរសុខទុក្ខនាយនាវី នាយនាវីរង នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតក្នុងស្រុកភ្នំស្រួច។

នាឱកាសនោះ អភិបាលខេត្ត បានលើកឡើងថា កងទ័ព ជាកម្លាំងស្នូលក្នុងកិច្ចការពារជាតិ សុខសន្តិភាព សណ្តាប់ធ្នាប់ជូនជាតិ និងប្រជាពលរដ្ឋជានិច្ច ជាងនេះរួមចិត្ត រួមកម្លាំង ក្នុងកិច្ចស្តាខឿនសេដ្ឋកិច្ចជាតិ ថែមបន្តលើកជ្រោងសន្តិភាព កិត្យានុភាពជាតិឱ្យប្រសើរឡើងបន្ថែមទៀត។

លោក វ៉ី សំណាង បានបន្តថា កងទ័ព ជាកម្លាំងសំខាន់របស់ប្រទេសជាតិនីមួយៗ គឺស្ថិតលើកងកម្លាំងប្រដាប់អាវុធហត្ថ ពិសេសគឺកម្លាំងនៃកងយោធពលខេមរភូមិន្ទ ដែលជាកម្លាំងស្នូលសំខាន់បំផុតដើម្បីពង្រឹងសន្តិភាព សណ្តាប់ធ្នាប់និងធ្វើឱ្យប្រទេសមានស្ថេរភាព បន្តការរីកចម្រើន និងអភិវឌ្ឍន៍គ្រប់វិស័យ។

លោកភិបាលខេត្ត បានថ្លែងថា គោលនយោបាយការពារជាតិនៃរាជរដ្ឋាភិបាលនីតិកាលទី៧ រាជរដ្ឋាភិបាលផ្តោតសំខាន់ទៅលើការបន្តការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដី ជាពិសេសត្រូវតែការពារសន្តិភាព ដែលរកបានដោយលំបាកក្រោមនយោបាយឈ្នះឈ្នះ របស់អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន។

លោក វ៉ី សំណាង បានបញ្ជាក់ថា «យើងការពារដើម្បីការអភិវឌ្ឍ ហើយការអភិវឌ្ឍដើម្បីក្រុមគ្រួសារយើងទាំងអស់គ្នា មានន័យថាសេដ្ឋកិច្ចទាំងមូលត្រូវពឹងផ្អែកទៅលើ សន្តិភាព។ សមត្ថភាពការពារជាតិ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានឹងផ្តើមជាពិសេសបំផុតធ្វើទំនើបកម្មសមត្ថភាពកងទ័ព ការឆ្លើយតបទៅនឹងការការពារខ្លួនប្រកបដោយប្រសិទ្ធិភាព ទាន់ពេលវេលា»។

ទន្ទឹមនេះ លោកអភិបាលខេត្តបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញលើកកម្ពស់ជីវភាពកងទ័ព និងគ្រួសារទ័ព តាមរយៈការដំឡើងប្រាក់បៀវត្សរ៍ដល់កងកម្លាំងគ្រប់រូប និងគោលនយោបាយផ្តល់ដីធ្លីសម្រាប់រស់នៅសមរម្យ និងបង្កបង្កើនផលផងដែរ៕