(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុករវៀង បានថ្លែងប្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋថា បើគ្មានមហាជ័យជម្នះថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទេ ក៏គ្មានអ្វីៗទាំងអស់ដូចថ្ងៃសព្វថ្ងៃនេះដែរ។

កាថ្លែងរបស់លោក អ៊ុក គឹមសាន ក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងអង្គមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៤) នៅស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក យឹមបញ្ញា អភិបាលរងខេត្តព្រះវិហារ និងជាអនុប្រធានក្រុមការងារខេត្តចុះជួយស្រុករវៀង លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ព្រមទាំងក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនទៀត នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

លោក អ៊ុក កឹមសាន បានថ្លែងបង្ហាញនូវក្តីសោមនស្សរីករាយជាទីបំផុត ដែលលោកបានចូលរួមក្នុងអង្គមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាបុណ្យជាតិ ៧មករាដ៏មហោឡារឹក ដែលជាបុណ្យរបស់ប្រជាជនកម្ពុជា បានរួចផុតពីរបបប្រល័យពូជសាសន៍នាពេលនេះ។

លោកក៏បានបង្ហាញនូវចំណាប់អារម្មណ៍ដល់អង្គពិធី ដើម្បីជាការយល់ដឹង និងចងចាំជានិច្ចថា គ្រាដែលប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានកម្លាំងនយោបាយ តែមួយគត់គឺគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូរំដោះជាតិដណ្តើមបានមហាជ័យជម្នះ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សង្គ្រោះជីវិតប្រជាជនកម្ពុជា ឲ្យរួចផុតពីសេចក្តីស្លាប់ និងបានដឹកនាំប្រទេសជាតិ ធ្វើឱ្យប្រជាជនរស់នៅក្នុងកិត្តិយស សេចក្តីថ្លៃថ្នូរ សុខសន្តិភាព ប្រកបដោយសេចក្តីសង្ឃឹម និងភាពញញឹមស្រស់ស្រាយគ្រប់ពេលវេលា និងគ្រប់ទីកន្លែង រហូតមកដល់បច្ចុប្បន្ននេះ។

លោក អ៊ុន គឹមសាន បានថ្លែងយ៉ាងដូច្នេះថា «បើគ្មានមហាជ័យជម្នះ៧មករា១៩៧៩ គឺគ្មានអ្វីៗដូចសព្វថ្ងៃនេះទេ» នេះជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបុគ្គលណាបដិសេធបានឡើយ។ ក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ទេពកោសល្យ និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីនៃម្ពុជា ដែលជាអគ្គមគ្គុទេ្ទសដ៏ឆ្នើម បានធ្វើឱ្យប្រទេសកម្ពុជានិងប្រជាជនបានរស់រានឡើងវិញ មានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។

លោក អ៊ុក គឹមសាន បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការការពារសន្តិភាព ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ ការពារព្រះមហាក្សត្រ គាំទ្រអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ព្រមទាំងចូលរួមអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលតាមអភិក្រម ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់ ប្រកបដោយឆន្ទៈមុតស្រួច ស្រុះដៃគ្នា និងមានប្រសិទ្ធភាព និងបន្តពង្រឹងនិងពង្រីកកេរ្តិ៍មរតកនៃថ្ងៃជ័យជម្នះ ៧មករា ដើម្បីភាពរុងរឿងថ្កើនថ្កានរបស់ព្រះរាជាណាចក្រកម្ពុជាជារៀងរហូត៕