(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាលេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានរៀបចំកម្មវិធីអបអរសាទរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៣ ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីក្ដីសង្ឃឹមសហគមន៍» និងបំពាក់កន្សែងយុវជនកាកបាទក្រហម នៅវិទ្យាល័យ ហ៊ុនសែនត្បែង ចំនួន៥៤នាក់។

ពិធីនេះបានធ្វើឡើងនៅអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ស្វាយ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ។

លោក ឃុន ប៊ុនហេង អភិបាលរងស្រុកកំពង់ស្វាយ បានលើកឡើងថា អនុសាខាកាកបាទក្រហមស្រុកកំពង់ស្វាយ មានរចនាសម្ព័ន្ធ គឺសមាសភាពគណៈកម្មការធិកាអនុសាខាកាកបាទក្រហម មាន៩នាក់ សមាសភាពគណៈ កិត្តិយស អនុសាខាកាកបាទក្រហមមាន១១នាក់ ក្រុមការងារកាកបាទក្រហមឃុំ០៥នាក់ក្នុង១ឃុំ សរុប៥៥នាក់ អ្នកស័គ្រចិត្តទាំង១១ឃុំ មានចំនួន ១៨៨នាក់ ស្រី១០០នាក់ យុវជនកាកបាទក្រហមស្រុកកំពង់ស្វាយ ចំនួន១២៤នាក់ ស្រី៨៥នាក់។

លោក ជា វ៉ាន់ចាន់ បានថ្លែងថា ប្រធានបទ «ស្ម័គ្រចិត្តដើម្បីក្តីសង្ឃឹមសហគមន៍» ដែលកាកបាទក្រហមកម្ពុជា បានកំណត់ឡើងនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត និងពីបេសកកម្មរួមរបស់សមាគមជាតិ ក្នុងការបន្តពង្រឹងប្រតិបត្តិការ តាមវិស័យអាទិភាពទាំង៤ យុទ្ធសាស្ត្រឆ្នាំ២០២១-២០៣០ តាមទិសស្លោក «សកម្មភាពនៅមូលដ្ឋានសម្រេចបានគោលដៅសកល» រួមជាមួយការផ្សារភ្ជាប់ទៅនឹងការចូលរួមសម្រេច គោលនយោបាយជាអាទិភាពរបស់យុទ្ធសាស្ត្របញ្ជាកោណ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

តាមរយៈការពង្រឹងតួនាទីស្នូលរបស់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ឱ្យចូលរួមបានយ៉ាងពេញលេញក្នុងការឆ្លើយតបបានទៅនឹងបញ្ហាប្រឈមនានា ការលើកកម្ពស់សុខភាពសាធារណៈ ការលើកកម្ពស់បរិស្ថានបៃតងស្អាត ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់សុខុមាលភាពសង្គមប្រកបដោយបរិយាបន្ន។

លោកបានបញ្ជាក់ថា ទិវាអន្តរជាតិនៃអ្នជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៣ ដ៏ប្រសើរថ្លៃថ្លានេះសូមផ្ញើជូនបងប្អូនអ្នកស្ម័គ្រចិត្តគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការអនុសាខា បន្តដឹកនាំ មន្ត្រី-បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកប្រតិបត្តិការតាមវិស័យអាទិភាពទាំង៤ របស់កាកបាទក្រហមកម្ពុជា ក្នុងស្មារតីជាក្រុម និងការទទួលខុសត្រូវខ្ពស់។

លោក ជា វ៉ាន់ចាន់ បានសំណូមពរដល់អ្នកស្ម័គ្រចិត្តនៅតាមសហគមន៍ ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សាបន្តរួមកម្លាំងសាមគ្គីភាព ពង្រឹង និងពង្រីកសកម្មភាពកសាងសហគមន៍ឱ្យមានភាពធន់ ផ្តល់សេវាជួយដល់ប្រជាពលរដ្ឋររងគ្រោះ និងងាយរងគ្រោះបានឆាប់រហ័សទាន់ពេលវេលា ស្របតាមបាវចនា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»

នាឱកាសនោះដែរ គណៈអធិបតីបានបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជា ស្រុកកំពង់ស្វាយ ចំនួន៥៤នាក់ និងផ្ដល់សម្ភារៈសិក្សាមួយចំនួនដល់យុវជន ព្រមទាំងប្រគល់វិញ្ញាបនបត្រដល់អ្នកស្ម័គ្រចិត្តផងដែរ៕