(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងជំនាញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែន ការងារប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ចូវ ប៉ាវ អាយុ៣៧ឆ្នាំ ជនជាតិចិន ជាមុខសញ្ញាម្នាក់ក្នុងចំណោមបក្ខពួកចំនួន៥នាក់ ជាជនជាតិចិន។

ប្រតិបត្តិការចាប់ជនល្មើសរូបនេះ បានធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោកចៅក្រមស៊ើបសួរ តុប ឈុនសុង។ ការចាប់ជនជាតិចិនរូបនេះ បានធ្វើឡើងនៅចំណុចបន្ទប់លេខ៧០១ ជាន់ទី៧ ខុនដូStar City ផ្លូវសហព័ន្ធរុស្សី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក្រោយបក្ខពួក ត្រូវបានកម្លាំងជំនាញបានបង្ក្រាបកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីរួចហើយ។

ការបង្រ្កាបនេះ កម្លាំងនគរបាលដកហូតសារធាតុញៀនចម្រុះប្រភេទម្សៅ និងថ្នាំគ្រាប់ចំនួន២១២៥ គ្រាប់ សរុបទម្ងន់៤kg៦៦៣g, សារធាតុផ្សំផលិតគ្រឿងញៀនចម្រុះទម្ងន់ ២១kg៥០៣g, សម្ភារ ឧបករណ៍ផលិតគ្រឿង ញៀនមួយចំនួនធំទៀត។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញក៏បានឆែកឆេរត្រួតពិនិត្យចំនួន២បន្ទប់ រួមមាន៖

*គោលដៅទី១៖  ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ឆែកឆេរនៅបន្ទប់លេខ B1903 ជាន់ទី១៩ ខុនដូ Urban Village ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយដកហូតសារធាតុញៀនប្រភេទ អ៉ិចស្តាស៊ី និងមេតំហ្វេតាមីន និងថ្នាំគ្រាប់៤៨គ្រាប់ សរុបទម្ងន់ ១៦៩,៦៤ក្រាម។

*គោលដៅទី២៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឆែកឆេរបន្ទប់លេខ3207 ជាន់ទី៣២ ខុនដូ R & F City ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយដកហូតសារធាតុញៀន និងថ្នាំគ្រាប់ចំនួន ១៨១០គ្រាប់ និងសារធាតុផ្សំផលិតគ្រឿងញៀនជាច្រើនមុខទម្ងន់សរុប ប្រហែល១០kg និងសម្ភារឧបករណ៍ផលិតកែឆ្នៃមួយចំនួន។

សរុបរួមករណីបង្ក្រាបទាំង២លើក ឃាត់បានជនសង្ស័យជនជាតិចិនចំនួន២នាក់ មុខសញ្ញាមានដីកាចាប់ខ្លួននៅសល់៤នាក់ទៀត និងដកហូតសារធាតុញៀនសរុប ថ្នាំញៀនចម្រុះ និងគ្រាប់ចំនួន៣៩៨៣គ្រាប់ មានទម្ងន់ជិត ៦kg និងសារធាតុផ្សំផលិតគ្រឿងញៀនទម្ងន់ជាង ៣០kg។

បច្ចុប្បន្នកម្លាំងជំនាញធ្វើការសាកសួរបន្ត និងរៀបចំវេចខ្ចប់វត្ថុតាងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕