(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានថ្លែងប្រាប់អង្គភាព Fresh News នាមុខនេះបន្តិច នៅថ្ងៃត្រង់នេះថា លោក សម រង្ស៊ី អាចចុះឈ្មោះ បាននៅក្នុងដំណាក់កាលនេះ លុះត្រាតែលោក ត្រូវចូលមកក្នុងប្រទេសជាមុខសិន នោះទើបអាចចុះឈ្មោះបាន។
លោក ស៊ិក ប៊ុនហុក បានបញ្ជាក់យ៉ាងដូច្នេះថា ការលើកឡើងរបស់ លោក គួយ ប៊ុនរឿន គឺជាការលើកឡើងតាមច្បាប់ ប៉ុន្ដែធាតុពិតជាក់ស្ដែងជារឿងផ្សេង ព្រោះប្រសិនបើលោក សម រង្ស៊ី មិនបានចូលមកក្នុងស្រុកទេ ធ្វើម្ដេចនឹងចុះឈ្មោះបាន ហើយប្រសិនបើចូលក្នុងស្រុក លោកប្រឈមជាមួយនឹងផ្លូវច្បាប់ និងពន្ធនាគារ ព្រោះពេលដែលគាត់ចូលស្រុកនឹងត្រូវអាជ្ញាធរចាប់ខ្លួន។
លោកបន្ថែមថា លោក សម រង្ស៊ី អាចចុះឈ្មោះបាន លុះត្រាចូលមកប្រទេសហើយ មិនស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ។
ការលើកឡើងរបស់ប្រធាន គ.ជ.ប រូបនោះធ្វើឡើងបន្ទាប់ពីមានការលើកឡើងរបស់ លោក គួយ ប៊ុនរឿង អនុប្រធាន គ.ជ.ប ថា លោក សម រង្ស៉ី នឹងអាចចុះឈ្មោះឆ្នោតបាន នៅក្នុងដំណាក់កាលនេះ ប៉ុន្តែ គ.ជ.ប នឹងពិនិត្យ សម្រេចឡើងវិញ នៅពេលណាដែលមានការប្តឹងជំទាស់។
សូមជំរាបថា នៅព្រឹកមិញនេះ លោក គួយ ប៊ុនរឿន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា លោក សម រង្ស៉ី នឹងអាចចុះឈ្មោះឆ្នោតបាន នៅក្នុងដំណាក់កាលនេះ ប៉ុន្តែគ.ជ.ប នឹងពិនិត្យ សម្រេចឡើងវិញ នៅពេលណាដែលមានការប្តឹងជំទាស់។
ថ្លែងក្នុងកិច្ចប្រជុំស្តីពី «នីតិវិធីនៃការចុះឈ្មោះបោះឆ្នោតគាំទ្រ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបញ្ជូនទិន្ន័យមក គ.ជ.ប» នៅម៉ោង១០៖០០ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ លោក គួយ ប៊ុនរឿន អនុប្រធានគ.ជ.បថ្មី ដែលជាអតីតតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ បានលើកឡើងថា «ជាគោលការណ៍ច្បាប់ ឯកឧត្តម សម រង្ស៉ី មានសិទ្ធិក្នុងការចុះឈ្មោះបោះឆ្នោត ប៉ុន្តែនៅពេលបិទបញ្ជីដំបូង អាចមានការប្តឹងជំទាស់»។
លោកបានបន្ថែមថា បើកាលណាមានការប្តឹងទាស់ចំពោះរឿងបញ្ជីឈ្មោះបោះឆ្នោតនេះ គ.ជ.ប នឹងពិនិត្យពាក្យបណ្តឹង ហើយធ្វើការស្រាវជ្រាវ ដើម្បីដោះស្រាយតាមយន្តការរបស់ គ.ជ.ប៕