(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញលទ្ធផលនៃការសម្របសម្រួលគ្នាជាមួយប្រជាពលរដ្ឋ ប្រមាណ២៤០នាក់ មកពីឃុំស្រែជិះ និងឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ដែលបានកៀរគរប្រមូលផ្តុំគ្នាតវ៉ាក្នុងដីសហគមន៍ព្រៃឈើរលួស ស្ថិតនៅ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញនូវលទ្ធផលដូចខាងក្រោម៖

*ទី១៖ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត សម្រេចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្តែងបន្តកាន់កាប់ និងអាស្រ័យផលជាធម្មតា

*ទី២៖ បងប្អូនប្រជាពលរដ្ឋបានព្រមព្រៀង កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលក្នុងដីសហគមន៍ព្រៃឈើ តែលើដីជាក់ស្តែងរបស់ខ្លួន និងមិនបន្តចូលកាប់រើរានទន្ទ្រានដីសហគមន៍ព្រៃឈើបន្ថែមទៀតឡើយ។

*ទី៣៖ ចំពោះដីព្រៃដែលបងប្អូនប្រជាពលរដ្ឋ កំពុងកាប់រើរានទន្ទ្រាន និងដាំបង្គោលរបងហ៊ុំព័ទ្ធ ដោយមិន មានការប្រើប្រាស់ និងដាំដុះដំណាំជាក់ស្តែង បងប្អូនប្រជាពលរដ្ឋបានយល់ព្រមរុះរើបង្គោលរបងដោយស្ម័គ្រចិត្ត និងប្រគល់ដីនេះជូនគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តគ្រប់គ្រងវិញ។

រដ្ឋបាលខេត្តក្រចេះ បានអះអាងថា ករណីខាងលើនេះ បានសម្របសម្រួល និងដោះស្រាយបញ្ចប់ជាមួយបងប្អូនប្រជាពលរដ្ឋដែលតវ៉ាប្រមាណ ២៤០នាក់រួចហើយ ជាលទ្ធផលប្រជាពលរដ្ឋបានសម្តែងនូវការអបអរសាទរ ទទួលយកនូវដំណោះស្រាយ និងព្រមព្រៀងស្ម័គ ចិត្តក្នុងការបន្តកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងលើដី ក្នុងតំបន់សហគមន៍ព្រៃឈើរលួស ស្រុក អូរគ្រៀងសែនជ័យ ខេត្តក្រចេះ និងមិនបន្តចូលកាន់កាប់រើរានទន្ទ្រានដីសហគមន៍ព្រៃឈើបន្ថែមទៀតឡើយ៕