(ភ្នំពេញ)៖ លោកណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កម្ពុជាបានប្តេជ្ញាខ្ពស់អនុវត្តវិធានប្រតិបត្តិ មាត្រាទី៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ដែលជំរុញនិងលើកទឹកចិត្តដល់កម្ពុជា ក្នុងការធ្វើអាជីវកម្មកាបូនប្រកបដោយតម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដាអន្តរជាតិព្រមទាំងជំរុញការវិនិយោគបបៃតង បច្ចេកវិទ្យាបៃតង និងធ្វើឱ្យកម្ពុជាស្អាត។

ក្នុងឱកាសផ្តល់សម្ភាសន៍នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ជុំវិញបញ្ហានេះថា នាកន្លងមកកម្ពុជាបានធ្វើការលក់កាបូនតាមទីផ្សារស្ម័គ្រចិត្ត។ ដោយឡែកបើយើងក្រឡេក ទៅមើលកិច្ចព្រមព្រៀងស្តីពី ការប្រែប្រួលអាកាសធាតុ វិញឃើញថាបានអនុញ្ញាត្តិឱ្យយើងធ្វើអាជីវកម្មកាបូនតាមរយៈពីរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយទៀត។ លក្ខខណ្ឌនៃវិធានមាត្រាទី៦នេះដែរ បង្ហាញពីការប្តេជ្ញាចិត្តរបស់ រដ្ឋភាគី និងការធ្វើពាណិជ្ជកម្មនេះ ក៏បានបង្ហាញពីតម្លាភាព និងសុចរិតភាពថែមទៀត។

កម្ពុជាសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ហើយប្តេជ្ញាសម្រេចគោលដៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយធានាបាននូវ បរិយាបន្នសង្គម និងនិរន្តរភាពបរិស្ថាន។ កម្ពុជាគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចបំផុតក្តី ក៏យើងកំពុងរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថានសកលនានា ជាពិសេសតាមរយៈការចូលរួមអនុវត្តកិច្ចព្រមព្រៀងបរិស្ថានអន្តរជាតិទាំងអស់ដែលកម្ពុជាបានផ្តល់សច្ចាប័ន។

សមិទ្ធផលសំខាន់ៗ ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាផែនការនានាដែលកំពុងអនុវត្ត សំដៅរជំរុញការអភិវឌ្ឍបៃតងនៅកម្ពុជា ពោលគឺការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលបញ្ចេញកាបូនតិច ធន់នឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។ ជាពិសេសកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូន នៅត្រឹមឆ្នាំ២០៥០ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអាស៊ានទី១ ដែលបានដាក់ចេញយុទ្ធសាស្ត្រជាមួយគោលដៅជាក់លាក់ ក្នុងការសម្រេចបាននូវសមតុល្យសូន្យនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅត្រឹមឆ្នាំ២០៥០។

ដើម្បីសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆិតានេះ កម្ពុជាបានដាក់ចេញនូវផែនការជាក់លាក់ក្នុងការអភិរក្សនិងគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព ការកាត់បន្ថយការបញ្ចេញកាបូនពីវិស័យថាមពលនិងឧស្សាហកម្ម ការជំរុញប្រសិទ្ធភាពថាមពល ការដឹកជញ្ជូននិរន្តរភាព ការគ្រប់គ្រងនិងកែច្នៃសំណល់ ការអនុវត្តកសិកម្មដែលបញ្ចេញកាបូនទាប ក៏ដូចជាការកៀរគរហិរញ្ញប្បទានបៃតងនិងនវានុវត្តន៍។

ជាមួយគ្នានេះកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូទ្វេភាគី ជាមួយបណ្តាប្រទេសដែលមានចក្ខុវិស័យរួម គឺជាកត្តាចាំបាច់មួយដែលធានានូវជោគជ័យនៃការអភិវឌ្ឍបៃតង ហើយសាធារណរដ្ឋកូរ៉េ ក្នុងនាមជាប្រទេសឈានមុខមួយក្នុងវិស័យនេះ មានតួនាទីសំខាន់នៅក្នុងការចែករំលែកបទពិសោធន៍ ផ្ទេរបច្ចេកវិទ្យា និងអនុវត្តសកម្មភាពរួមគ្នា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចបៃតង ជាពិសេសការគ្រប់គ្រងសំណល់ ហិរញ្ញប្បទានបៃតង ដំណោះស្រាយផ្អែកលើធម្មជាតិ សហគ្រិនភាព បច្ចេកវិទ្យាបៃតង និងការកសាងសមត្ថភាព។

ច្បាប់ស្តីពីវិនិយោគថ្មីរបស់កម្ពុជា ផ្តល់ការលើកទឹកចិត្តដល់ការវិនិយោគបៃតង និងបច្ចេកវិទ្យាបៃតង ហើយរាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយដ៏រឹងមាំ និងការដឹកនាំប្រកបដោយការប្តេជ្ញាចិត្ត និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការក្នុងភាពជាដៃគូជាមួយសហគមន៍អន្តរជាតិ ដើម្បីកសាងពិភពលោកប្រកបដោយវិបុលភាព បរិយាបន្ន ធន់នឹងអាកាសធាតុ និងអព្យាក្រឹត្យកាបូន៕

ខាងក្រោមនេះជាប្រសាសន៍ឆ្លើយឆ្លងរវាងរដ្ឋមន្ត្រី អ៊ាង សុផល្លែត ជាមួយក្រុមអ្នកសារព័ត៌មាន ជុំវិញការប្តេជ្ញាចិត្តរបស់កម្ពុជា ពោះការអនុវត្តវិធានប្រតិបត្តិមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៖