(ស្វាយរៀង)៖ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក អ៉ឹម សទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿនភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងវិបាត។
កិច្ចប្រជុំនេះមានការចូលរួមពីអភិបាលរងខេត្ត និង លោក លោកស្រី ប្រតិភូក្រសួងស្ថាប័នពាក់ព័ន្ធ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ-អង្គភាពក្នុងខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ លោកអភិបាលក្រុង-ស្រុកពាក់ព័ន្ធទាំង៨តំណាងក្រុមហ៊ុនសាងសង់ផ្លូវ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានផ្តល់ឱកាសដល់ក្រុង-ស្រុក និងអាជ្ញាធរពាក់ព័ន្ធលើកឡើងពីបញ្ហាផ្សេងៗពាក់ព័ន្ធនឹងការស្ថាបនាផ្លូវល្បឿននេះ និងបានពិនិត្យពិភាក្សាទាក់ទងនឹង អាទិភាពសម្រាប់ផែនការបណ្តាញផ្លូវទូទៅ នៃគម្រោងផ្លូវ ភ្នំពេញ-បាវិត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាផែនការ នៃការតភ្ជាប់ដែលពាក់ព័ន្ធ និងបានលើកឡើងពីវឌ្ឍនភាពការងារនានា រួមមាន នីតិវិធីក្នុងការដោះស្រាយផលប៉ះពាល់ជាដើម សំដៅជំរុញឱ្យដំណើរការនៃគម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រព្រឹត្តទៅបានដោយរលូន និងប្រកបដោយប្រសិទ្ធភាព តាមផែនការដែលបានគ្រោងទុក ជាពិសេសដើម្បីធានាបានថា ផ្លូវល្បឿនលឿនខ្សែទីពីរនេះ នឹងផ្តល់នូវសក្តានុភាពខ្ពស់ សម្រាប់ការប្រើប្រាស់នាពេលអនាគត៕