(កំពង់ធំ)៖ លោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកប្រាសាទសំបូរ នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីភាព ប្រារព្ធខួបលើកទី ៤៥ ទិវាជ័យជម្នះ (០៧ មករា ១៩៧៩-០៧ មករា ២០២៤) ក្នុងបរិវេណវិទ្យាល័យតាអោក ភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ដោយមានការអញ្ជើញពីភ្ញៀវកិត្តិយស និងសមាជិក សមាជិកាប្រមាណ ៤០០នាក់។   

លោក ឃឹង នុភាព បានលើកឡើងថា ទិវាជ័យជំនះ ៧ មករា និងសុខសន្តិភាពដែលគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន បានពលីសព្វបែបយ៉ាងដើម្បីយកជ័យជំនះលើរបប ប៉ុល ពត ដែលបំភ្លេចបំផ្លាញ ប្រទេសកម្ពុជាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក៏ដូចជាការបញ្ចប់សង្គ្រាមស៊ីវិល និងនាំមកនូវសុខសន្តិភាពពេញបរិបូណ៌ជូនជាតិមាតុភូមិ ជាពិសេសថ្មីៗនេះ គឺការនាំឲ្យមាននូវបុណ្យជាតិ ទិវាសន្តិភាព ២៩ ខែធ្នូ ផងដែរ។

លោកក៏បានផ្ដាំផ្ញើដល់ សមាជិក សមាជិកា សូមនាំគ្នារក្សាសុខសន្តិភាពនេះ ឲ្យបានស្ថិតស្ថេរជាអមតៈ គឺមានតែសុខសន្តិភាពនេះ ហើយទើបមាននូវអ្វីៗសព្វបែបយ៉ាង ជាពិសេសគឺការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជឿនលឿន ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោក ឃឹង នុភាព បានផ្តាំផ្ញើដល់ លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្ដាយទីពីរ ត្រូវខិតខំបង្ហាត់បង្រៀនឲ្យអស់ពីសម្ថភាព ហើយប្អូនត្រូវខំខិតប្រឹងប្រែងរៀនសូត្រឲ្យក្លាយជាធនធានក្នុងសង្គម ពិសេសជៀសឆ្ងាយពីការប្រើប្រាស់គឿងញៀន ដែលជាអំពើខុសច្បាប់ ព្រមទាំងបំផ្លាញអនាគតខ្លួនឯង និងក្រុមគ្រួសារ ក៏ដូចជាប្រទេសជាតិផងដែរ៕