(ភ្នំពេញ)៖ បុរសម្នាក់បានប្រឌិតព័ត៌មានថា ខ្លួនត្រូវបានក្រុមចោរប្លន់ម៉ូតូមួយគ្រឿង បានសម្រេចបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅតំបន់បឹងកក់ ស្ថិតក្នុងភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ផ្អើលអស់កម្លាំងសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវមួយយប់ទល់ភ្លឺ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះថា បុគ្គលនេះឈ្មោះ លី រ៉ូហ្សា អាយុ៣២ឆ្នាំ។ បុគ្គលរូបនេះ បានប្រឌិតព័ត៌មានថា ម៉ូតូរបស់ខ្លួនម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1JM-4567 ត្រូវបានចោរប្លន់យកទៅបាត់ និងបានវាយរូបគេឲ្យរងរបួសត្រង់ក្បាល។
លោកបន្ដថា បន្ទាប់ពីទទួលបានព័ត៌មាននេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានធ្វើការស្រាវជ្រាវភ្លាមៗ តាំងពីទទួលបានព័ត៌មាន រហូតទល់ភ្លឺ ទើបដឹងថា បុរសខាងលើនេះប្រឌិតព័ត៌មាន។
បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា, សមត្ថកិច្ចបានរកឃើញម៉ូតូខាងលើ នៅចំណតផ្ញើក្នុងសណ្ឋាគារមួយកន្លែង នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយមិនមានករណីប្លន់អ្វីនោះឡើយ។
យោងតាមចម្លើយសារភាពរបស់បុគ្គលឈ្មោះ លី រ៉ូហ្សា បានបញ្ជាក់ថា រូបគេពិតជាបានប្រឌិតព័ត៌មានចោរប្លន់ប្រាកដមែន ដោយសារចង់ឲ្យប្រពន្ធបារម្ភពីខ្លួន ព្រោះខ្លួននិងប្រពន្ធបានឈ្លោះគ្នា ហើយប្រពន្ធអត់និយាយរកពី បីខែមកហើយ។ បុរសរូបនេះបន្ដថា មុនពេលកើតហេតុ ខ្លួនបានយកម៉ូតូនោះទៅផ្ញើនៅសណ្ឋាគារ ហើយជិះកង់បីមកម្ដុំបឹងកក់ រួចយកគំរបក្រវិលកំប៉ុងឆូតក្បាល ធ្វើជារបួស រួចប្រឌិតរឿងចោរប្លន់តែម្ដង។
យ៉ាងណាមិញ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ករណីនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងបន្ដតាមនីតិវិធីតាមផ្លូវច្បាប់ ដោយហេតុថា បុរសរូបនេះបានប្រឌិតព័ត៌មានបង្កឲ្យមានចលាចល និងប៉ះពាល់ដល់សន្ដិសុខសង្គម៕