(កំពង់ធំ)៖ លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានផ្តល់អនុសាសន៍៦ចំណុច ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី «ការបើកផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ធំ។

ក្នុងកម្មវិធីនេះដែរ មានការអញ្ជើញចូលរួមពី អាជ្ញាធរក្រុង ស្រុក អាជ្ញាធរឃុំ សង្កាត់ អង្គការដៃគូរ និងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។

លោក អ៊ុន បុត្ត សូមសម្តែងនូវមនោសញ្ចេតនារីករាយជាអនេក ចំពោះវត្តមាន លោក លោកស្រី និងសូមកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសហការីរបស់មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានធ្វើឲ្យកម្មវិធីជាតិជំនួយសង្គមនានា របស់រាជរដ្ឋាភិបាលមានការវិវឌ្ឍរីកចម្រើន និងពង្រីកវិសាលភាពជាបន្តបន្ទាប់ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តផ្តោតការយកចិត្តទុកដាក់លើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គម ឲ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព និងប្រសិទ្ធភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។

លោកបន្តថា រាជរដ្ឋាភិបាល បានកំណត់យ៉ាងច្បាស់ នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់ការកសាង និងអភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងងាយរងហានិភ័យ ពិសេសនោះគឺចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឈានទៅសម្រេចបាន ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ លោក អ៊ុន បុត្ត បានផ្តល់នូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

១៖ ស្នើដល់រដ្ឋបាលក្រុង/ស្រុក និងឃុំ/សង្កាត់ ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ។
២៖ សម្របសម្រួលនិងឆ្លើយតបនូវបញ្ហាផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានទាន់ពេលវេលា។
៣៖ សហការជាមួយអង្គការ សមាគម និងដៃគូរអភិវឌ្ឍនានា ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយ។
៤៖ ដាក់បញ្ចូលកម្មវិធីនេះចូលជារបៀបវារៈមួយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាក្រុង/ស្រុក និងឃុំ/សង្កាត់។
៥៖ ប្រសិនបើត្រូវការជំនួយពីរដ្ឋបាលខេត្តក្នុងអំឡុងពេលអនុវត្ត ត្រូវសុំគោលការណ៍មករដ្ឋបាលខេត្ត។
៦៖ រាយការណ៍លទ្ធផលនៃការអនុវត្តឲ្យបានជាប់ជាប្រចាំ ដោយប្រើប្រាស់យន្តការរាយការណ៍កន្លងមក៕