(ភ្នំពេញ)៖ បុរសម្នាក់ ប្រើដាវកាប់ជនរងគ្រោះ បណ្ដាលឲ្យរងរបួសដេរជាច្រើនថ្នេរ ហើយជាលទ្ធផលត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ ឃាត់ខ្លួន ដោយដកហូតវត្ថុតាង ដាវ១ដើម។ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី០៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
បើតាមលោក វរសេនីយ៍ត្រី ចាន់ ពៅ អធិការរងទទួលផែនសេនាធិការខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យដែល ត្រូវឃាត់ខ្លួនមានឈ្មោះ ធន់ សុភ័ណ្ឌ ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្បែរគ្នានៅចំណុចកើតហេតុខាងលើ ។ រីឯជនរងគ្រោះមានឈ្មោះ ឈិន ឡុង ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរជាសិស្ស ស្នាក់នៅផ្ទះលេខ០៩១ ផ្លូវរថភ្លើង ស្ថិតក្នុងក្រុមទី០៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ត្រី បានបញ្ជាក់ទៀតថា ពីដំណើររឿងមុនឈានទៅបង្ក្រាប និងក្រោយឃាត់ខ្លួនជនសង្ស័យថា គូរបដិបក្ខទាំង២នាក់មានជម្លោះនិងគ្នា បន្ទាប់មកជនត្រូវសង្ស័យបានទាញដាវទៅកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួសតែម្ដង ។
លោកវរសេនីយ៍ត្រី បានបន្តថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍តាមទូរស័ព្ទរបស់ម្ដាយជនរងគ្រោះភ្លាម កម្លាំងសមត្ថកិច្ចរបស់លោក ក៏បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុដើម្បីស៊ើបសួរ និងឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងដាវសាំម៉ូរ៉ៃ១ដើមដោយពាក់ព័ន្ធករណីហិង្សាដោយចេតនា ។
បច្ចុប្បន្ន ជនសង្ស័យពាក់ព័ន្ធករណីហិង្សាដោយចេតនា រួមជាមួយវត្ថុតាង ត្រូវបញ្ជូនទៅបន្តឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿងបន្តតាមនិតិវិធីរបស់ អយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕