(ភ្នំពេញ)៖ លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិចស៊ិកកូ, លោក ស សេរីវិចិត្រ ប្រធានក្រុមការងារអង្គការចាត់តាំងយុវជនទទួលបន្ទុកឆ្នេរខាងលិចសហរដ្ឋអាមេរិក និងលោក កែវ វ៉ាន្នី ប្រធានក្រុមការងារអង្គការចាត់តាំងយុវជនទទួលបន្ទុករដ្ឋកាលីហ្វរញ៉ា នៅថ្ងៃទី៥​ ខែមករា ឆ្នាំ២០២៣កន្លងមក បានរៀបចំ «អង្គមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា(០៧ មករា ១៩៧៩ - ០៧ មករា ២០២៤)»។

ថ្ងៃ៧ ខែមករា ឆ្នាំ២០២៤ ជាថ្ងៃគម្រប់ខួប៤៥ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលធ្វើឲ្យប្រជាជាតិខ្មែរ បានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត។

សម្ដេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុន ក្នុងការស្វះស្វែងដើម្បីដណ្ដើមជីវិតប្រជាជនចេញពីកណ្ដាប់ដៃ ប៉ុល ពត បានអះអាងថា ជ័យជម្នះ ៧មករា បានដណ្តើមមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត បញ្ចប់សករាជដ៏ខ្មៅ ងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មីគឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព សង្គម៕