(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ ទទួលបន្ទុកបេសកកម្មពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានស្នើឱ្យ Rotary Club International បន្តជួយបណ្តុះបណ្តាល និងផ្តល់សម្ភារៈបរិក្ខារពេទ្យសំខាន់ៗបន្ថែមទៀត ដល់មន្ទីរពេទ្យកុមារជាតិ ដើម្បីលើកកម្ពស់សមត្ថភាពបុគ្គលិកសម្រាប់ឆ្នាំ២០២៤នេះ និងឆ្នាំទៅមុខបន្តទៀត ដើម្បីជួយដល់សុខុមាលភាពប្រជាពលលរដ្ឋកម្ពុជា។

ការថ្លែងដូច្នេះរបស់លោកទេសរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួលអំណោយម៉ាស៊ីនលាងឈាមសម្រាប់កុមារ ដល់មន្ទីរពេទ្យកុមារជាតិ នៅសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

លោកទេសរដ្ឋមន្ត្រីបានថ្លែងបន្ដថា មន្ទីរពេទ្យកុមារ បានដើរតួនាទីដ៏សំខាន់ ក្នុងការជួយពិនិត្យព្យាបាលជំងឺ និងសង្គ្រោះកុមារនៅកម្ពុជា។ «ដូចនេះការជួយដល់មន្ទីរពេទ្យកុមារជាតិ ជាការជួយមួយដ៏មានតម្លៃ។ អីចឹងសូមឱ្យ Rotary Club International បន្តជួយបន្ថែមទៀត ដើម្បីជួយដល់កុមារកម្ពុជាយើង ដែលតំណាងអនាគតនៃកម្ពុជាផងដែរ»

លោកទេសរដ្ឋមន្ត្រីបានសង្ឃឹមយ៉ាងមុតមាំថា Rotary Club International នឹងបន្តជួយបណ្តុះបណ្តាល និងផ្តល់សម្ភារៈបរិក្ខារពេទ្យសំខាន់ៗបន្ថែមទៀត ដល់មន្ទីរពេទ្យកុមារជាតិ ដើម្បីលើកម្ពស់សមត្ថភាពបុគ្គលិកសម្រាប់ ឆ្នាំ២០២៤នេះ និងឆ្នាំទៅមុខបន្តទៀត ដើម្បីជួយដល់សុខុមាលភាពប្រជាពលលរដ្ឋកម្ពុជា ពិសេសកុមារឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧នៃរដ្ឋសភានេះ។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងផងដែរថា នៅឆ្នាំ២០២៣ មន្ទីរពេទ្យបានបញ្ជួនបុគ្គលិកទៅបន្តការសិក្សានៅប្រទេសកូរ៉េ រយៈពេល៧សប្តាហ៍ ចំនួន ១០រូបន្ថែមទៀត ក្នុងនោះមានវេជ្ជបណ្ឌិត៧រូប និងគិលានុបដ្ឋាក ៣រូប លើជំនាញជំងឺភ្នែក ជំងឺឈាមផ្នែកលាងឈាម និងឱសថ ហើយនៅដើមឆ្នាំ២០២៤នេះ រ៉ូតារី ក្លឹប អ៊ិនធើណាស់សិនណាល់ បានផ្តល់ម៉ាស៊ីនលាងឈាមចំនួន២គ្រឿង ឬហៅថា «CRRT» ដែលអាចលាងឈាមសម្រាប់កុមារ បានដែលមានតម្លៃជាង ៨ម៉ឺនដុល្លារ។

លោកនាយកមន្ទីរពេទ្យ បានថ្លែងអំណគុណចំពោះរ៉ូតារី ក្លឹប អ៊ិនធើណាស់សិនណាល់ ដែលបានជួយបណ្តុះបណ្តាលដល់បុគ្គលិករបស់មន្ទីរពេទ្យកន្លងមក ។លោកសង្ឃឹមថា រ៉ូតារី ក្លឹប អ៊ិនធើណាស់សិនណាល់ នឹងបន្តជួយបណ្តុះបណ្តាលជាបន្តទៀត។

លោកស្រី គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងសុខាភិបាលតែងតែយកចិត្តទុកដាក់ខ្លាំង លើការលើកកម្ពស់ការផ្តល់សេវាល្អ និងមានគុណភាពជូនអតិថិជន រួមជាមួយការបង្កើនគុណភាពការធ្វើរោគវិនិច្ឆ័យផងដែរ ហើយមន្ទីរពេទ្យកុមារជាតិ ជាមន្ទីរពេទ្យថ្នាក់ជាតិមួយ ដែលជំនាញលើផ្នែកព្យាបាលរោគកុមារ និងមានការកោតសសើរច្រើនពីសំណាក់អតិថិជនកន្លងមក។

លោកស្រីបានរំលឹក ថាមន្ទីរពេទ្យនេះបានចាប់ផ្តើមប្រតិបត្តិការចាប់តាំងពីឆ្នាំ១៩៨០ ក្រោមជំនួយ របស់អង្គការ World Vision ដោយមានគ្រូពេទ្យខ្មែរតែមួយរូប និងក្រុមបេសកកម្មរបស់អង្គការទស្សនពិភពលោក មានចំនួន៤រូប គឺវេជ្ជបណ្ឌិត ២រូប អ្នកបច្ចេកទេសមន្ទីរពិសោធន៍១រូប និងគិលានុបដ្ឋាយិកា១រូប តែប៉ុណ្ណោះ។

បច្ចុប្បន្ននេះ មន្ទីរពេទ្យមានផ្នែករហូតដល់ទៅ ២៣ផ្នែក ដែលបានផ្តល់សេវាជូនប្រជាជន និងបុគ្គលិកប្រមាណជា ជាង ៦០០នាក់។ លោកស្រីបានបន្តទៀតថា ការផ្តល់ម៉ាស៊ីនលាងឈាមនាពេលនេះ នឹងជួយពង្រឹងការព្យាបាលកុមារបន្ថែមលើការងារសព្វថ្ងៃឱ្យ។ ចំណែកតំណាង រ៉ូតារី ក្លឹបអ៊ិនធើណាស់ បានលើកឡើងថាការផ្តល់ម៉ាស៊ីនលាងឈាមសម្រាប់កុមារនាពេលនេះ ដើម្បីជួយសម្រួលដល់ការព្យាបាលជំងឺកុមារឱ្យកាន់តែប្រសើរថែមទៀត៕