(តាកែវ)៖ កម្លាំងកងរាជអាវុធហត្ថតាកែវ បានធ្វើការស្រាវជ្រាវរហូតបង្រ្កាបទល្មើសគ្រឿងញៀនមួយករណីឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយនឹងគ្រឿងញៀនជិត៤គីឡូ នៅទីតាំងជើងភ្នំតាម៉ៅង ស្ថិតនៅក្នុងឃុំត្រពាំងសាប ស្រុកបាទី នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

ហើយនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការសម្របសម្រួលពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក៏បានចុះមកពិនិត្យការថ្លឹង និងពិសោធន៍វត្ថុតាងដែលរឹបអូសបានផងដែរ។

បើតាមលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធខេត្តតាកែវ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តតាកែវ ឱ្យដឹងថា នៅក្នុងការចុះបង្រ្កាបគ្រឿងញៀននៅទីតាំងខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការរឹបអូសបានម្ស៉ៅពណ៌សថ្លា ចំនួន៣គីឡូ ៩ខាំ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆែម ជាតិ ភេទប្រុស យកមកសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមុននឹងធ្វើការបញ្ជូនទៅតុលាការ។

មេញ្ជាការកងរាជអាវុធហត្ថ បានបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថកំពុងតែស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ស សុខឃាង ដែលកំពុងរត់គេចខ្លួន ដើម្បីយកមកផ្សន្ទាទោសទៅតាមច្បាប់ឱ្យខានតែបាន។

នៅក្នុងឱកាសនោះលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក៏បានកោតសសើរដល់លទ្ធផលនៃការបង្រ្កាបគ្រឿងញៀនរបស់កងរាជអាវុធហត្ថខេត្តតាកែវ ដែលលទ្ធផលនេះបានបង្ហាញពីការខិតខំបង្រ្កាបរបស់សមត្ថកិច្ច ហើយបើបង្រ្កាបមិនបានគ្រឿងញៀនទាំងអស់នេះទេ គ្រឿងញៀនទាំងអស់នេះវានឹងធ្លាក់ដល់ដៃអ្នកប្រើប្រាស់ ដែលអាចបង្កការខាតបង់ដល់ជនរងគ្រោះច្រើនជាក់ជាពុំខាន។

ព្រះរាជអាជ្ញាខេត្តតាកែវ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមសហការជាមួយសមត្ថកិច្ច ហើយបើឃើញជនសង្ស័យរកស៊ីគ្រឿងញៀន សូមរាយការណ៍មកសមត្ថកិច្ច ដើម្បីសមត្ថកិច្ចមានវិធានការចាប់ខ្លួនជនសង្ស័យមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕