(បាត់ដំបង)៖ លោកស្រី ម៉េត រ៉ាវិចិត្រ សុខ លូ ភរិយាលោក សុខ លូ អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង តំណាងលោក សុខ លូ ប្រធានគណៈកម្មាធិការកាបាទក្រហមខេត្ត និងប្រតិភូ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ក្មេងស្រីកុមារី សុខ ចំរើន អាយុ១៥ឆ្នាំ ជាកុមាកំព្រាឪពុកម្តាយ មានជំងឺសើស្បែក រៀននៅវិទ្យាល័យសម្តេចឪ ស្នាក់នៅវិហារចិនមួយកន្លែង ក្នុងក្រុងបាត់ដំបង ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ក្នុងឱកាសនោះ ក្នុងនាមលោក សុខ លូ ប្រធានគណៈកម្មាធិការសាខា លោកស្រី ម៉េត រ៉ាវិចិត្រ សុខលូ បានថ្លែងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកស្រី បានផ្តាំផ្ញើឲ្យកុមារីសុខ ចំរើន ត្រូវបន្តខិតខំថែរក្សាសុខភាពឲ្យបានល្អប្រសើរ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត បរិភោគស្អាត ផឹកស្អាត និងជូនពរឆាប់បានជាសះស្បើយឡើងវិញ។

លោកស្រី បានធ្វើការកោតសរសើរ ចំពោះក្មួយស្រី សុខ ចំរើន ទោះបីជា មានជីវភាពក្រីក្រ គ្មានឪពុកម្តាយនៅមើលថៃទាំក៏ដោយ ក៏មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ បូកផ្សំជាមួយនឹងការជំរុញ បន្ថែមពីលោកគ្រូ អ្នកគ្រូនិងមានការលើកទឹកចិត្តពីគណៈគ្រប់គ្រងនៃវិហារចិន។ ហេតុដូចនេះ សូមក្មួយស្រីត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកត្តញ្ញូ និងបន្តខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យបានពូកែ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិនាថ្ងៃអនាគត។

កុមារី សុខ ចំរើន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក និងសូមជូនពរសម្ដេចឲ្យជួបតែសេចក្ដីសុខ និងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជាខេត្ត បានឧបត្ថម្ភដល់កុមារី សុខ ចំរើន រួមមាន៖ អង្ករ១០០ គីឡូក្រាម,មី ២ កេស,ត្រីខ២យួរ,ទឹកត្រី ២យួរ,ទឹកស៊ីអ៊ីវ ២ យួរ ,កាបូកស្ពាយ ១ សៀវភៅសរ
សេរ ១០ក្បាល ប៊ិច១ប្រអប់ ,ឃីត (មុង,ភួយ,ក្រមា)១និងថវិកា ៥០ម៉ឺនរៀល និងបានឧបត្ថម្ភថវិកាដល់គណៈគ្រប់គ្រង និងកុមាដែលស្នាក់នៅវិហារចិនមួយចំនួនផងដែរ៕