Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកស្លាប់កើនដល់ ២៥០នាក់ នាំឲ្យរដ្ឋាភិបាលអ៉ីតាលី ប្រកាសដាក់តំបន់រងគ្រោះរញ្ជួយដី​ ទៅក្នុងគ្រាមានអាសន្ន

26-08-2016 12:13

(អ៉ីតាលី)៖ រដ្ឋាភិបាលអ៉ីតាលី បានសម្រេចដាក់ទីក្រុង Amatrice, Arquata, Accumoli និង Pescara del Tronto ដែលស្ថិតនៅភាគឦសាននៃទីក្រុងរ៉ូម ទៅក្នុងការប្រកាសអាសន្ន បន្ទាប់ពីបានទទួលរងគ្រោះរញ្ជួយដីកម្រិត ៦,២ រ៉ិចទ័រកាលពីថ្ងៃពុធ និងបានសម្លាប់មនុស្ស ២៥០នាក់ និងរបួស ៣៦៥នាក់ ខណៈអ្នកស្លាប់ច្រើនជាងគេគឺនៅ ទីក្រុង Amatrice ដែលមានរហូតដល់ទៅជាង ២០០នាក់ឯណោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ BBC នារសៀលថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០១៦។

គួរបញ្ជាក់ថានៅក្នុងចំណោមមនុស្សស្លាប់ទាំង ២៥០នាក់នោះ ក៏មាន ០៣នាក់ជាជនជាតិអង់គ្លេសផងដែរ ហើយដោយឡែករដ្ឋាភិបាលរ៉ូម៉ានី បានប្រកាសថាប្រជាជនរបស់ខ្លួន ១១នាក់ អាចនឹងបាត់ខ្លួននៅក្នុងគ្រោះរញ្ជួយដី ដ៏កក្រើកនៅអ៉ីតាលីនោះ។ បច្ចុប្បន្ននេះ ក្រុមសង្គ្រោះនៅតែបន្តជីកកកាយ អគារលំនៅឋាន អគារពាណិជ្ជកម្ម និង អគារស្នាក់នៅផ្សេងៗទៀត ដែលបានបាក់រលំ ក៏ព្រោះតែមានសេចក្តីរាយការណ៍ថា មនុស្សជាច្រើននាក់នៅតែបន្តបាត់ខ្លួននៅឡើយ។

ទោះបីជាមានរយៈពេលបីថ្ងៃមកហើយក៏ដោយក៏ក្រុមសង្គ្រោះមិនបានអស់សង្ឃឹមនោះដែរ ដោយពួកគេនៅតែព្យាយាម គាស់កកាយនៅកន្លែងគំនរអគារ ក្រែងលោមានជីវិតមនុស្សណាម្នាក់ អាចនឹងត្រូវជួយសង្គ្រោះបាន។ ងាកទៅមើល កាលពីគ្រោះរញ្ជួយដីនៅឆ្នាំ ២០០៩ រយៈពេលបីថ្ងៃបន្ទាប់ពីរញ្ជួយដីកើតមានឡើងនៅ L'Aquila មនុស្សម្នាក់ នៅតែអាចរស់រានក្រោមគំនរអគារ និងត្រូវបានគេជួយសង្គ្រោះ៕