(ព្រះវិហារ)៖ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤។

ពិធីនេះ ស្ថិតក្រោមវត្តមាន លោកស្រី សុខា គងពិសី ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ភរិយាលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ លោកស្រី ប្រធាន អនុប្រធានសាខា លោកស្រី ជាសមាជិកនៃសមាគមនារីកម្ពុជាខេត្ត ជាច្រើនរូបមកពីបណ្តាមន្ទីរ អង្គភាព នានាជុំវិញខេត្ត និងអនុសាខាសមាគមនារីពីបណ្តា ក្រុង ស្រុក ទាំង៨។

បន្ទាប់ពីបានស្តាប់នូវលទ្ធផលរបាយការណ៍ និងបញ្ហាប្រឈម ដែលក្រុមការងាររបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តរួចមក លោកស្រី សុខា គងពិសី ក៏បានថ្លែងលើកឡើងថា កិច្ចប្រជុំនាថ្ងៃនេះ ពិតជាបានឆ្លុះបញ្ចាំង អំពីលទ្ធផលការងារដែលបាន អនុវត្តរយៈពេល១ឆ្នាំ និងបានយល់ដឹងនូវបញ្ហាប្រឈមខ្លះៗ ក៏ដូចជាចំនុចខ្វះខាត ដែលយើងត្រូវដោះស្រាយបន្ត។

ជាមួយគ្នានេះផងដែរ លោកស្រីប្រធាន ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងសមាជិកប្រតិបត្តិ ខេត្ត ក្រុង ស្រុក របស់សាខា សមាគមនារីខេត្ត ដែលបានខិតខំប្រឹងប្រែងអនុវត្ត កន្លងមកទទួលបានលទ្ធផលល្អប្រសើរ ទាំងនេះបានបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ដោយស្មារតីទទួលខុសត្រូវ ជួយដល់បងប្អូននារី ដែលមានជីវភាពក្រីក្រ និងជួបការលំបាក ឲ្យមានជីវភាពកាន់តែប្រសើរឡើង។

លោកស្រី សុខា គងពិសី ក៏បានថ្លែងផ្តាំផ្ញើ និងជំរុញបន្ថែម សុំឲ្យបន្តនូវបេសកកម្មលើការងារមនុស្សធម៌ កាងារសង្គម និងការងារអភិវឌ្ឍន៍ ដោយសហការជាមួយ សប្បុរសជន ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការបន្តបេសកកម្មផ្សព្វផ្សាយអប់រំ ក៏ដូចជាការជួយដោះស្រាយ នូវការលំបាកដោយផ្តោតសំខាន់ទៅលើបងប្អូននារី ដែលមានជីវភាពក្រីក្រ ខ្វះខាត ស្រ្តីមេម៉ាយ ចាស់ជរា កុមាកំព្រា ជាដើម៕