(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ អាជ្ញាធរខណ្ឌច្បារអំពៅ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ស្តីពីសេវា តម្លៃទឹកស្អាត ដែលប្រជាពលរដ្ឋរស់នៅ ក្នុងសង្កាត់ទាំង ដែលបានកាត់ពីខេត្តកណ្តាល ស្រុកកៀនស្វាយ មកនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគាត់នៅមិនទាន់ទឹកស្អាតសម្រាប់ប្រើប្រាស់គ្រប់គ្រាន់នៅឡើយ ។
កិច្ចប្រជុំនេះ ស្ថិតក្រោមវត្តមានលោក អ៊ាង សុីផាន អភិបាលខណ្ឌច្បារអំពៅ និងលោក ឯក ស៊ុនចាន់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងមានការចូលរួមពីលោក អ៊ុច គឹមអន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌច្បារអំពៅ និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកស្រី សុភ័ក ថាវី អនុ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌច្បារអំពៅ ។ ក្នុងនោះក៏មានការចូលរួមពីចៅសង្កាត់ទាំង៨ និងមន្ត្រីពាក់ព័ន្ឋជាច្រើនរូបទៀត ។
លោក អ៊ាង សុីផាន អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងនូវសំណូមពរ សំណើរបស់ប្រជាពលរដ្ឋ ជំរាបជូនក្រុមការងារ ដោយពួកគាត់ស្នើសុំ និងសំណូមពរដល់អាជ្ញាធរ អោយជួយភ្ជាប់បណ្តាញទឹកស្អាតរបស់រដ្ឋ សម្រាប់ពួកគាត់ប្រើប្រាស់ផង ព្រោះសព្វថ្ងៃនេះប្រជាពលរដ្ឋគាត់ប្រើប្រាស់ប្រព័ន្ឋស្អាតរបស់ក្រុមហ៊ុនឯកជន មានតម្លៃ និងលក្ខណៈល្អក់ ដូចទឹកទន្លេ និងការបញ្ចុះតម្លៃទឹកស្អាត ។
សូមបញ្ជាក់ថា សង្កាត់ទាំង៤ ដែលកាត់ពី ស្រុកកៀនស្វាយ ហើយមិនទាន់មានទឹកស្អាតប្រើប្រាស់នោះ រួមមានសង្កាត់ក្បាលកោះ សង្កាត់ព្រែកឯង សង្កាត់វាលស្បូវ និងសង្កាត់ព្រែកថ្មី ៕