(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺបំភ្លឺជុំវិញករណី Facebook មួយចំនួនបានចុះផ្សាយព័ត៌មានចរិកញុះញង់ ដោយយកការសរសេររិះគន់ ឬការបញ្ចេញមតិរបស់ភ្ញៀវទេសចរប៉ុន្មាននាក់ មករិះគន់លើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី)។

ជាមួយគ្នានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ថា ករណីទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកមួយចំនួន ដែលបានចុះផ្សាយព័ត៌មានចរិកញុះញង់ ដោយយកការសរសេររិះគន់ ឬការបញ្ចេញមតិរបស់ភ្ញៀវទេសចរប៉ុន្មាននាក់ អំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប (ចាស់) មកបង្ហោះភ្ជាប់ជាមួយនឹងខ្លឹមសារ «ភ្ញៀវទេសចរណ៍ អន្តរជាតិរិះគន់យ៉ាងចាស់ដៃ ទៅលើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ដែលជាអាកាសយានដ្ឋានអន្តរជាតិថ្មី)» ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ការគ្រប់គ្រង និងប្រតិបត្តិការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ដែលតែងតែយកអតិថិជនជាធំ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សូមបញ្ជាក់បំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖

១. ការសរសេររិះគន់អំពីការគ្រប់គ្រង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ដោយលើកយកការបញ្ចេញមតិ ដែលមានកាលបរិច្ឆេទតាំងពី ៣ទៅ៩ខែមុនមកម្ល៉េះ ជាព័ត៌មានបំភ្លៃការពិតទាំងស្រុង ពីព្រោះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ទើបតែសាងសង់រួច និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូការកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តែប៉ុណ្ណោះ (ដែលមានរយៈពេលមិនដល់២ខែផង)។

២. ការសរសេររិះគន់អំពីបុគ្គលិកអាកាសយានដ្ឋាន សុំលុយធិបពីភ្ញៀវទេសចរ ជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។ ទោះយ៉ាងណាក៏ដោយ ក្នុងនាមជាស្ថាប័ន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ យើងបានសហការជាមួយក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋាន ដើម្បីណែនាំផ្សព្វផ្សាយ និងក្រើនរំលឹកបន្ថែម ដល់បុគ្គលិករបស់អាកាសយានដ្ឋានទាំងអស់ ឱ្យគោរពប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ វិជ្ជាជីវៈ និងគោលការរណ៍ស្តង់ដារប្រតិបត្តិ ឱ្យបានខ្ជាប់ខ្ជួនក្នុងការផ្តល់សេវាដល់អតិថិជន ឱ្យកាន់តែល្អប្រសើរដូចប្រទេសជឿនលឿនផងដែរ។

៣. ចំពោះការរិះគន់ ឬការបញ្ចេញមតិ ក្នុងការផ្តល់ពិន្ទុ និងវាយតម្លៃថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ មានកម្រិតផ្កាយប៉ុន្មាននោះ គឺមិនអាស្រ័យទៅលើអារម្មណ៍ និងការសន្និដ្ឋានដោយគ្មានមូលដ្ឋានរបស់បុគ្គលទាំងនោះឡើយ។ ដោយសារ ស្កាយត្រាក (Skytrax) គឺជាស្ថាប័នអន្តរជាតិ ធ្វើការវាយតម្លៃការដឹកជញ្ជូនតាមផ្លូវអាកាសឈានមុខគេ ដែលធ្វើការស្រាវជ្រាវ និងវាយតម្លៃក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន ដោយផ្អែកលើគុណភាពនៃសេវាកម្ម និងកិច្ចដំណើរការរបស់អាកាសយានដ្ឋានទាំងនោះ។ ស្កាយត្រាក (Skytrax) មានប្រព័ន្ធវាយតម្លៃកម្រិតផ្កាយ ដោយផ្កាយ៥ គឺជាចំណាត់ថ្នាក់ខ្ពស់បំផុត ដែលអាកាសយានដ្ឋានអាចទទួលបាន។ ប្រព័ន្ធវាយតម្លៃ គឺផ្អែកលើកត្តាជាច្រើន រួមទាំងឋបនីយភណ្ឌអាកាសយានដ្ឋាន អនាម័យ សេវាកម្មបុគ្គលិក និងបទពិសោធន៍របស់អ្នកដំណើរ។

៤. ការសរសេររិះគន់អំពីក្រដាសប្រាក់ដុល្លារ ដែលយកទៅចាយមិនដាច់ (អាចជាក្រដាសប្រាក់ចាស់ ឬមានស្នាមប្រឡាក់ រហែក ) បន្ទាប់ពីទទួលលុយអាប់ក្រោយពីបង់ថ្លៃតាក់ស៊ី ករណីនេះគឺមិនមានការពាក់ព័ន្ធ ឬស្ថិតនៅក្នុងយុត្តាធិការ របស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឡើយ។

៥. ការសរសេររិះគន់អំពីមន្ត្រីអន្តោប្រវេសន៍អាកាសយានដ្ឋាន ពាក់ព័ន្ធទៅនឹងអំពើពុករលួយ គឺជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ហើយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានចេញសេចក្តីបំភ្លឺព័ត៌មាននេះរួចហើយដែរ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សូមធ្វើការបញ្ជាក់ថា ការលើកយកសារបញ្ចេញមតិរបស់ភ្ញៀវទេសចរ ប៉ុន្មាននាក់ តាមបណ្តាញសង្គមដែលបានកើតឡើង តាំងពីមុនពេលបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកចុះផ្សាយ ដើម្បីវាយប្រហារលើអាកាសយានដ្ឋានថ្មីនេះ គឺជាចេតនាទុច្ចរិតដ៏អាក្រក់ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងបំរើអតិថិជន (អតិថិជនជាធំ) របស់អាកាសយានដ្ឋានតែប៉ុណ្ណោះ»។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានខិតខំប្រឹងប្រែងក្នុងការសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងនិងធ្វើឱ្យប្រសើរឡើង ដល់ការផ្តល់សេវាដល់អ្នកដំណើរ ភ្ញៀវទេសចរក៏ដូចជាអតិថិជនទាំងអស់ ដែលប្រើប្រាស់សេវាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏ដូចជាអាកាសយានដ្ឋានផ្សេងទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ បង្កើតការងារជូនប្រជាពលរដ្ឋទាំងបរិមាណ និងគុណភាព ក៏ដូចជាទាក់ទាញវិនិយោគិន សំដៅជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍលើកស្ទួយវិស័យទេសចរណ៍ វិស័យអាកាសចរណ៍ ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។

ដោយឡែក បន្ទាប់ពីការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឃើញថា អាកាសយានដ្ឋានបានបង្ហាញសមត្ថភាព និងលទ្ធភាពរបស់ខ្លួន ក្នុងការជម្រុញកំណើនភ្ញៀវទេសចរ ចេញ-ចូលខេត្តសៀមរាប មានការកើនឡើងគួរជាទីកត់សម្គាល់។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ មានការមមាញឹកក្នុងការទទួលជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិ ក៏ដូចគ្នាទៅនឹងប្រតិបត្តិការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសផងដែរ៕