(កំពង់ធំ)៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយភរិយា និងក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកបច្ច័យទេយ្យទាន ទៅប្រគេនព្រះសង្ឃ ចំនួនជាង ៥០០អង្គ ដែលត្រូវនិមន្តអញ្ជើញមកពីតាមបណ្ដាក្រុង-ស្រុកទាំង៩ នៅក្នុងខេត្តកំពង់ធំ មកប្រឡងយកវិញ្ញាបនបត្រ ពុទ្ធិកបឋមសិក្សាបាលីរង រយៈពេល៣ថ្ងៃ នៅវត្តឥន្ទ្រីសំវរៈហៅវត្តកំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ដើម្បីជួយសម្រាលដល់ការលំបាក របស់ព្រះទេពសត្ថាបារមី សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណខេត្ត និងជាព្រះគ្រូចៅ
អធិការវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ក្នុងការផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃដល់ព្រះសង្ឃចំនួនជាង៥០០អង្គ រយៈពេល៣ថ្ងៃ ក្នុងពេលនិមន្តមកប្រលងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង នៅពេលខាងមុខដ៏ខ្លីនេះ ទើបថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានព្រមទាំងក្រុមគ្រួសារ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្នុងការជួយទំនុកបម្រុងដល់ព្រះសង្ឃ ដែលជាស្រែបុណ្យរបស់ពុទ្ធសាសនិកជនគ្រប់រូបៗ ដោយបាននាំយកនូវអង្ករចំនួន៥០០ គីឡូក្រាម មីជាតិចំនួន១០ កេស ត្រីខកំប៉ុងចំនួន១០ យួរ ទឹកពិសាបរិសុទ្ធវិតាល់ចំនួន២០កេស និងបច្ច័យមួយចំនួនផងដែរ។
ព្រះទេពសត្ថាបារមី សៀង សុខ ព្រះរាជាគណៈថ្នាក់ចាត់ថ្វានៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណខេត្ត និងជាព្រះចៅអធិការវត្តឥន្ទ្រីសំវរៈហៅវត្តកំពង់ធំ បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកស្រី ព្រមទាំងសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ដែលលោកតែងតែជួយឧបត្ថម្ភគាំទ្រ ក្នុងវិស័យព្រះពុទ្ធសាសនា និងបានជួយដោះស្រាយនូវរាល់ការលំបាកផ្សេងៗ របស់ព្រះសង្ឃនៅតាមទីវត្តអារាមនានា នៅក្នុងខេត្តកំពង់ធំកន្លងមក ពិសេសនៅទីអារាមវត្តកំពង់ធំនៅពេលនេះ។
ព្រះទេពសត្ថាបាមី សៀង សុខ បានប្រសិទ្ធពរជ័យ បវរសួរស្តីមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងឡាយបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕