អ្នកស្រុកពាមជរ៖ បទល្មើសនៅតែបន្ដកើតមាន ប៉ុន្ដែមិនទាន់មានការបង្ក្រាបពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ
26-08-2016 11:59
(ព្រៃវែង)៖ នៅរដូវវស្សាចូលមកដល់ជារៀងរាល់ឆ្នាំ ពេលបាក់ទំនប់ធ្លាយព្រែកម្តងៗ គេតែងតែឃើញបទល្មើសកើតឡើង គ្រប់ប្រភេទយ៉ាងអនាធិបតេយ្យ ដោយគ្មានការបង្ក្រាប ឬទុបស្កាត់ពីជំនាញពាក់ព័ន្ធណាឡើយ។
ជាក់ស្តែងប៉ុន្មានថ្ងៃកន្លងទៅ នៅចំណុចព្រែកតាហុន ស្ថិតក្នុងភូមិបង្អែឃុំស្វាយភ្លោះ ស្រុពាមជរ ខេត្តព្រៃវែង ប្រជាពលរដ្ឋបានរិះគន់ ទៅលើ លោក ពិន ចាន់ នាយសង្កាត់ជលផល មិនដែលបានបង្ក្រាបបទល្មើសនេសាទនានានោះទេ ដូចជាមងក្រឡាធំចាប់ត្រីសន្តាយ មានរាប់រយខ្សែ មានដាយត្រីជាច្រើនមាត់ ដែលពួកគេដាក់នៅពេលយប់ និងរបាំងប្រួលជាច្រើនកន្លែង ដែលគេរាំងបិតយ៉ាងជិត សូម្បីតែត្រីកញ្ចុះមួយក៏ចេញមិនរួចផង។
ប្រជាពលរដ្ឋបានបន្តថា នៅពេលពួកគាត់ឃើញបទល្មើសកើតឡើង យ៉ាងព្រោងព្រាតដូច្នេះ ពួកគាត់បានទូរស័ព្ទប្តឹង លោក ពិន ចាន់ ដែលជានាយសង្កាត់ជលផល ដើម្បីបង្ក្រាបតែបែរជា លោក នាយសង្កាត់ជលផល មិនមានវិធានការទៅវិញ។
បន្ថែមពីនេះ ពួកគាត់បានសំណូមពរ ដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ជាពិសេសលោក អូន សីុណាត នាយខណ្ឌរដ្ឋបាលជលផល ខេត្តព្រៃវែង មេត្តាជួយពិនិត្យលើករណីនេះផង៕