(ភ្នំពេញ)៖ តុលាការសម្រេចលើកពេលសវនាការសំណុំរឿងបាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ ទៅព្រឹកថ្ងៃទី២ ខែកញ្ញា ខាងមុខនេះវិញ ដោយសារលោក ទួត លុច មេធាវីការពារជនជាប់ចោទមានជំងឺលើសជាតិស្ករធ្ងន់ធ្ងរ មិនអាចការពារកូននាសវនាការនៅព្រឹកថ្ងៃទី២៦ខែសីហា នេះបាន ។
សវនាការកាត់ទោសក្រុមជនជាប់ចោទមានលោក ថោង សារ៉ាត់ អតីតមានងារជាឧកញ៉ា និងជាថៅកែបុរី៩៩៩ ជាមេខ្លោង និងអង្គរក្ស៤នាក់ជាជនដៃដល់ និងអ្នកសមគំនិត។
លោក ថោង សារ៉ាត់ ពុំមានវត្តមាននោះទេ រីឯក្រុមអង្គរក្សត្រូវបានបញ្ជូនមកតុលាការ។
សវនាការនេះដឹកនាំដោយលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ។
ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េងជឺ កក្រើករាជធានីភ្នំពេញ នេះកើតឡើងកាលវេលាម៉ោង៧៖១៨នាទី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេលលោកឧកញ៉ា អ៉ឹង ម៉េងជឺ ចុះពីរថយន្តឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើ នៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន៕