(ហាណូយ)៖ យន្តហោះចម្បាំងវៀតណាមមួយគ្រឿងប្រភេទL-39 របស់កងទ័ពអាកាស បានធ្លាក់នៅព្រឹកថ្ងៃសុក្រនេះ ពេលកំពុងធ្វើការ ហ្វឹកហ្វឺនជំនាញនៅក្នុងខេត្ត Phu Yen ភាគកណ្តាលប្រទេស និងភាគខាងត្បូងរដ្ឋធានីហាណូយ បានបណ្តាលឲ្យ ពីឡុតនៅលើនោះបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០១៦។
លោក Vo Ngoc Hoa ប្រធានគណកម្មាធិការប្រជាជននៃស្រុក Dong Hoa ខេត្ត Phu Yen បានប្រាប់ឲ្យដឹងថា ពីឡុតដែលបានបាត់បង់ជីវិតខាងលើនេះ គឺជាពីឡុតដែលកងទ័ពបានបញ្ជូនឲ្យមកធ្វើការហោះសាកល្បង។ យន្តហោះ យោធាដែលមានលេខកូដសម្គាល់ 8705 បានបាត់បង់ភាពម្ចាស់ការ ដោយសារតែរលត់ម៉ាស៊ីន ហើយក៏បានធ្លាក់តែឆេះខ្ទេចតែម្តង នៅវេលាម៉ោង ៨៖២០នាទីព្រឹកថ្ងៃសុក្រ។
តាមពិតពីដំបូងឡើយ សិស្សពីឡុតខាងលើនេះ បានព្យាយាមធ្វើការចុះចតពេលគ្រាមានអាសន្ន ប៉ុន្តែបានបរាជ័យ។ ក្រោយពេលធ្លាក់យន្តហោះខ្នាតតូចនោះ ក្រុមសង្គ្រោះបានព្យាយាមទៅកាន់តែកន្លែងកើតហេតុក្បែរព្រលានយន្តហោះ ដែលមានចម្ងាយ ៩៥០ គីឡូម៉ែត្រពីទីក្រុងហាណូយ ឲ្យបានលឿនបំផុតដែរ តែយន្តហោះនិងពីឡុតបានឆេះខ្ទេចទៅហើយ៕