(កំពង់ធំ)៖ សាលាគណខេត្តកំពង់ធំ និងមន្ទីរធម្មការនិងសាសនាខេត្ត នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ដែលរួមមានខ្លឹមសារ៧ចំណុច ក្នុងន័យលើកកម្ពស់ការប្រតិបត្តិសាសនា លើកកម្ពស់បេតិកភណ្ឌ វប្បធម៌ជាតិ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពសម្ដេចព្រះឧត្តមចរិយា បណ្ឌិត ឈឹងឈា ឧត្តមប្រឹក្សាគណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជានិងលោកស្រី នួន ប៊ុនណា រដ្ឋលេខាធិការ តំណាងលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ព្រមទាំងមន្ត្រីសង្ឃ ពុទ្ធបរិស័ទសរុបប្រមាណជាចំនួន៦០០អង្គ/នាក់ ស្ថិតក្នុងវត្តឥន្រ្ទីយ៍សំវរៈ (វត្តកំពង់ធំ) សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១ ដូចខាងក្រោមនេះ៖
១-គណៈសង្ឃគ្រប់ជាន់ថ្នាក់គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ត្រូវពង្រឹងយន្តការដែល មានស្រាប់និងកែលម្អបន្ថែមលើការដឹកនាំបព្វជិត ភិក្ខុ សាមណេរ ឱ្យស្ថិតក្នុងវិន័យ សីលធម៌និងអភិសមាចារ ស័ក្តិសមជាសមណសក្យបុត្ដិយ៍នៃពុទ្ធសាសនាថេរវាទកម្ពុជានិងជាបុញ្ញខេត្តដ៏ល្អ។

២-បន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំនិងពង្រឹងពុទ្ធិកបឋមសិក្សាឱ្យបានរឹងមាំ មាននិរន្តរភាពនិង គុណភាពខ្ពស់។

៣-ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា មានភារកិច្ចសហការជាមួយអគ្គាធិការដ្ឋាន ពុទ្ធិកសិក្សាជាតិ ក្នុងការរៀបចំដាក់បញ្ចូលមេរៀនសមាធិ-វិបស្សនានិងការបដិបត្តិជាក់ស្តែងក្នុងកម្មវិធីសិក្សា នៃសាលាពុទ្ធិកៈគ្រប់កម្រិតជាជំហ៊ានៗ។

៤-គណៈសង្ឃគ្រប់លំដាប់ថ្នាក់បន្តលើកទឹកចិត្តមន្ត្រីសង្ឃនិងព្រះសង្ឃនៅទូទាំងប្រទេស ដើម្បីចុះ អប់រំសីលធម៌ ចរិយាធម៌ និងធម្មវិជ្ជាដល់កុលបុត្រកុលធីតាខ្មែរក្នុងសាលាសាធារណៈ (សាលារបស់រដ្ឋ) និង តាមសហគមន៍នានាដើម្បីលើកកម្ពស់គុណធម៌ សីលធម៌ សុជីវធម៌ សង្គហធម៌ ព្រហ្មវិហារធម៌ សុចរិតធម៌ និងការចែករំលែកជាវិជ្ជមានក្នុងសង្គម។

៥-អំពីការផ្សព្វផ្សាយព្រះធម៌របស់បព្វជិត ភិក្ខុ សាមណេរ ជាធម្មកថិកអ្នកសម្តែងធម៌ត្រូវធ្វើឡើងឱ្យ ស្របតាមក្រឹត្យក្រមធម៌វិន័យរបស់អ្នកបួស មិនត្រូវប្រាសចាកអង្គនៃធម្មកថិក មិនគប្បីមានមោទនភាពជ្រុល ក្នុងការសម្តែងធម៌ មិនត្រូវសម្តែងក្នុងន័យវាយប្រហារបំបាត់ប្រពៃណីទំនៀមទម្លាប់ខ្មែរដ៏ល្អ ដោយប្រកាន់ថា ខ្លួនបរិសុទ្ធ។

៦-សម័យកាលនេះជាសម័យកាលសាកលភាវូបនីយកម្ម ក្នុងនោះប្រព័ន្ធបច្ចេកវិទ្យាមានលក្ខណៈទំនើប ហើយត្រូវបានប្រើប្រាស់ជាមធ្យោបាយ ដើម្បីទាញយកផលប្រយោជន៍វិជ្ជមានជាច្រើនដល់សង្គមមនុស្ស ប៉ុន្តែ ផលអវិជ្ជមានក៏បានកើតមានឡើងក្នុងវឌ្ឍនភាពនៃប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះផងដែរ។

៧-កម្ពុជាពិតជាសម្បូរទៅដោយប្រាសាទបុរាណ និងវត្តអារាមចំណាស់ៗ ដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន ព្រមទាំងវត្តអារាមសាងថ្មីជាច្រើនទូទាំងប្រទេស។ ទន្ទឹមនឹងនេះ ប្រាសាទបុរាណមួយចំនួនត្រូវបានចុះបញ្ជីបេតិកភណ្ឌជាតិ និងសម្បត្តិបេតិកភណ្ឌពិភពលោក៕