(ភ្នំពេញ)៖ លោក គួយ ប៊ុនរឿង អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា លោក សម រង្ស៉ី នឹងអាចចុះឈ្មោះឆ្នោតបាន នៅក្នុងដំណាក់កាលនេះ ប៉ុន្តែគ.ជ.ប នឹងពិនិត្យ សម្រេចឡើងវិញ នៅពេលណាដែលមានការប្តឹងជំទាស់។
ការលើកឡើងរបស់ អនុប្រធានគ.ជ.បរូបនេះ ហាក់ផ្ទុយគ្នាទាំងស្រុងទៅនឹង ការលើកឡើងរបស់ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ដោយបានប្រកាសថា លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ មិនអាចចុះឈ្មោះបោះឆ្នោតបានទេ ដោយសារតែ លោកមានសាលក្រមស្ថាពរ ក្លាយជាទណ្ឌិត។
ថ្លែងក្នុងកិច្ចប្រជុំស្តីពី «នីតិវិធីនៃការចុះឈ្មោះបោះឆ្នោតគាំទ្រ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបញ្ជូនទិន្ន័យមក គ.ជ.ប» នៅម៉ោង១០៖០០ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ លោក គួយ ប៊ុនរឿន អនុប្រធានគ.ជ.បថ្មី ដែលជាអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានលើកឡើងថា «ជាគោលការណ៍ច្បាប់ ឯកឧត្តម សម រង្ស៉ី មានសិទ្ធិក្នុងការចុះឈ្មោះបោះឆ្នោត ប៉ុន្តែនៅពេលបិទបញ្ជីដំបូង អាចមានការប្តឹងជំទាស់»។
លោកបានបន្ថែមថា បើកាលណាមានការប្តឹងទាស់ចំពោះរឿងបញ្ជីឈ្មោះបោះឆ្នោតនេះ គ.ជ.ប នឹងពិនិត្យពាក្យបណ្តឹង ហើយធ្វើការស្រាវជ្រាវ ដើម្បីដោះស្រាយតាមយន្តការរបស់ គ.ជ.ប។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ស្ថិតនៅក្នុងលក្ខខណ្ឌនៅពេលនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្ក្រោះជាតិ ត្រូវបានច្បាប់ហាមឃាត់ មិនឲ្យចុះឈ្មោះបោះឆ្នោត និង ឈរឈ្មោះជាបេក្ខជនសម្រាប់ ការបោះឆ្នោតឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ខាងមុខនោះទេ។ លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា ការហាមឃាត់នេះដោយសារលោក សម រង្ស៊ី កំពុងជាប់ពោរពេញដោយពាក្យបណ្តឹង និងសាលក្រមរបស់តុលាការ ជាច្រើនករណី ដូច្នេះលោកមិនអាចឈរឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះទេ។
រហូតដល់ពេលនេះ លោក សម រង្ស៉ី ប្រធានគណបក្សប្រឆាំង កំពុងញ៉ាំញីដោយពាក្យបណ្តឹង ដោយសារតែការនិយាយចោទប្រកាន់ ទៅបុគ្គលមួយចំនួននៅជួររាជរដ្ឋាភិបាល ក្នុងនោះមាន បណ្តឹងបរិហារកេរ្តិ៍លើ សម្តេច ហេង សំរិន , បណ្តឹងពាក់ព័ន្ធនឹងការបង្ហោះឯកសារក្លែងបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ និងបណ្តឹងចោទប្រកាន់គ្មានមូលដ្ឋាន ចំពោះការស្លាប់របស់ លោក កែម ឡី ដែលប្តឹងដោយសម្តេចតេជោ ហ៊ុន សែន ជាដើម។
ក្រៅពីនោះ លោក សម រង្ស៉ី ក៏ទទួលបាននូវសាលក្រមស្ថាពរមួយទៀត ដែលតុលាការកាត់ឱ្យចាញ់ក្តី លើបណ្តឹងបរិហារ្តិ៍ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ហើយតុលាការបង្គាប់ឱ្យចាប់ខ្លួន លោក សម រង្ស៉ី មកអនុវត្តទោសផងដែរ៕