(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការ កម្លាំងសមត្ថកិច្ច ក៏ដូចជាយុវជនស.ស.យ.កខេត្ត ក្រុង ស្រុក និងប្រជាពលរដ្ឋរួមគ្នាបរិច្ចគកឈាមជូនមន្ទីរពេទ្យសង្គ្រោះអាយុជីវិតអ្នកជំងឺ ក៏ដូចជាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៤)។

លោក គីម រិទ្ធី បានថ្លែងថា ការផ្តល់ឈាមដោយស្ម័គ្រចិត្តជាប្រភពឈាមតែមួយគត់ដែលអាចផ្តល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តព្រះវិហារ ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះទូទៅ ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើនដែលពួកគាត់មានតម្រូវការឈាម។

លោកបានថ្លែងលើកឡើងអំពីអត្ថប្រយោជន៍របស់អ្នកបច្ចាគឈាមផងដែរ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺផ្សេងៗជាច្រើនទៀត ហើយក៏ទទួលបាននូវការសរសើរ និងមានឈ្មោះថាជាអ្នកជួយសង្គ្រោះជីវិតមនុស្ស ជាពិសេសទៅទៀតនោះគឺអ្នកដែលបានផ្ដល់ឈាម និងមានការងាយស្រួលនៅពេលខ្លួន ឬក្រុមគ្រួសារខ្លួនត្រូវការឈាមបន្ទាន់។

សូមបញ្ជាក់ថា មានអ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តនាពេលនេះមានចំនួន៩៣នាក់ អ្នកមិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាកឈាមចំនួន៣០នាក់ ឈាមដែលបូមបានចំនួន៦៣នាក់ ក្រុមឈាមO+២៤សាក់, AB+៣សាក់, A+១២សាក់, B+២៤សាក់ផងដែរ៕