(ភ្នំពេញ)៖ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ (SDC) បានប្តេជ្ញាចិត្តជួយគាំទ្រក្រសួងទេសចរណ៍ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍បន្ថែមទៀត ជាពិសេសលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងការគ្រប់គ្រងគោលដៅទេសចរណ៍ឱ្យមានភាពទាក់ទាញ។

ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ម៉ាខាស ប៊ឺលី (Markus Buerli) នាយកសហប្រតិបត្តិការនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ (SDC) នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះទីភ្នាក់ងារស្វីស SDC ដែលបានគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ដល់យុវជនកី្រក្រងាយរងគ្រោះចំនួនប្រមាណជាង៤ពាន់នាក់ នៅតាមខេត្តគោលដៅគម្រោងចំនួន១០ខេត្ត និងគាំទ្រចំពោះការពង្រីកខេត្តសម្រាប់បណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជាដល់ខេត្តគោលដៅថ្មីចំនួន២ រួមមាន ខេត្តកោះកុង និងខេត្តកំពង់ឆ្នាំង ចាប់ពីឆ្នាំ២០២៤តទៅ។

លោក ម៉ាខាស ប៊ឺលី បានបង្ហាញពីកិច្ចគាំទ្ររបស់រដ្ឋាភិបាលស្វីស តាមរយៈកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់ ឆ្នាំ២០២២-២០២៥ ដែលនឹងផ្តោតការយកចិត្តទុកដាក់គាំទ្រដល់រដ្ឋាភិបាលកម្ពុជាលើ៖ (១)ការចូលរូមចំណែករបស់ប្រជាជនក្នុងអភិបាលកិច្ចល្អ (២)កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្នតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និង(៣)បម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ។

លោករដ្ឋមន្ត្រី សុខ សូកេន និងលោកនាយកសហប្រតិបត្តិការទីភ្នាក់ងារស្វីស SDCបានប្តេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍បន្ថែមទៀត ជាពិសេសលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងការគ្រប់គ្រងគោលដៅទេសចរណ៍ឱ្យមានភាពទាក់ទាញប្រកបដោយភាពប្រកួតប្រជែងខ្ពស់។

លោករដ្ឋមន្ត្រី សុខ សូកេន និងលោក ម៉ាខាស ប៊ឺលី ក៏បានពិភាក្សាគ្នាបន្ថែមក្នុងការជំរុញអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបន្តអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២ ឆ្នាំ២០២៤-២០២៨ ការរៀបចំយន្តការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា រៀបចំប្រព័ន្ធធ្វើតេស្តសមត្ថភាពអ្នកជំនាញតាមអនឡាញ និងគាំទ្រការកម្មវិធីគ្រប់គ្រងគោលដៅទេសចរណ៍ សម្រាប់រមណីយដ្ឋានទេសចរណ៍សំខាន់ៗនៅកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រី សុខ សូកេន បានបង្ហាញពីគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរួមរបស់ក្រសួងទេសចរណ៍ ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥-Build” ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ៣-3Ds” ដោយក្នុងនោះកត្តាធនធានមនុស្ស គឺជាអាទីភាពគន្លឹះរបស់ក្រសួងទេសចរណ៍ ដែលគម្រោងរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍និងសហប្រតិបត្តិការបានចូលរួមចំណែកយ៉ាងសកម្មនាពេលកន្លងមក៕