(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារថ្នាក់កណ្តាល នៃគណបក្សប្រជាជនចុះមូលដ្ឋានខេត្តសៀមរាប បានលើកឡើង សមិទ្ធផលធំៗក្នុងខេត្តសៀមរាប ជាសមទ្ធិផលដែលកើតឡើងពីកត្តាសុខសន្តិភាព ក្រោមដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានបញ្ចប់នយោបាយដឹកនាំរបស់ខ្មែរក្រហមនៅកម្ពុជា ដោយនាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល។

សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងយ៉ាងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូននិវត្តន៍ជន ក្នុងខេត្តសៀមរាប ប្រមាណជាង១ពាន់នាក់ នាថ្ងៃទី១០ ខែមករាឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ក្នុងឱកាសដែលប្រជាជនកម្ពុជា កំពុងប្រារព្ធមិទ្ទិញអបអរសាទរស្មារតីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-២០២៤ ខួបលើកទី ៤៥ ដែលជាថ្ងៃដែលប្រជាជនគ្រប់រូបមិនអាចបំភ្លេចបាន នូវការរស់រានមានជីវិតឡើងវិញ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើការរំលឹកអំពីស្មារតីថ្ងៃ ២ធ្នូ ១៩៧៨ និងស្មារតីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ ដែលបាននាំមកនូវសមទ្ធិផលជាច្រើន ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស និងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ក្នុងរយៈពេល ៤៥ឆ្នាំមកនេះ។ ម៉្យាងទៀត សមទ្ធិផលទាំងនេះ ក៏ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់អ៊ុំ ពូមីង បងប្អូនជានិវត្តជន៍ទាំងអស់ ក្នុងខេត្តសៀមរាប ក៏ដូចជាទូទាំងប្រទេសផង​ដែរ។ 

សម្តេចពិជ័យសេនា បានសម្តែងនូវគុណូបការៈដ៏ថ្លៃថ្លា ចំពោះនិវត្តន៍ជន ដែលបានចូលរួមកសាងឡើងជូនដល់សង្គមជាតិ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងកសាងសមទ្ធផលនានា ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យគណបក្សប្រជាជន ដឹកនាំប្រទេស។ សម្តេចពិជ័យសេនា បន្តថា ការជួបជុំសំណេះសំណាលជាមួយនិវត្តន៍ជននាថ្ងៃនេះ ស្របពេលដែលនៅប្រទេសកម្ពុជា បានកំពុងប្រារព្ធពិធីអបអរសាទររំលឹកខួបលើកទី៤៥ ថ្ងៃជ័យជម្នះ ៧មករា។

សម្តេចពិជ័យសេនា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សេន និងសម្តេចគិតិ្តព្រឹទ្ធបណ្ឌិត ចំពោះបងប្អូននិវត្តន៍ជនទាំងអស់ ហើយការជួបជុំនេះ គឺជាប្រពៃណី ទំនៀមទម្លាប់របស់គណបក្សប្រជាជនកម្ពុជា នៅរៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យជាតិ បុណ្យប្រពៃណីជាតិ តែងតែបានយកចិត្តទុកដាក់ ចំពោះមន្ត្រីចូលនិវត្តន៍ទាំង មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ក្នុងការតបស្នងសងគុណបំណាច់ និងរំលឹកនូវវីរៈភាពក្នុងការចូលរួមកិច្ចអភិវឌ្ឍន៍ប្រទេស ឲ្យមានភាពសុខសាន្ត និងរីកចម្រើនលើគ្រប់វិស័យក្នុងខេត្តសៀមរាប។ ដោយស្មារតីថ្ងៃ ជ័យជម្នះ៧មករា ១៩៧ ទើបយើងមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើន ដែលជាកត្តាយើងគ្រប់គ្នា ត្រូវដឹងគុណ ស្ថាបនិក មគ្គុទ្ទេសក៍ឯក ប្រតិបត្តិករ នយោបាយឈ្នះ ឈ្នះ បាននាំមកនូវ សុខសន្តិភាព ការឯកភាពជាតិពេញលេញ។

ក្នុងឱកាសសំណេះសំណាលនោះដែរ  សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានឧបត្ថម្ភ ជូនដល់បងប្អូននិវត្តជន ទាំងអស់ ក្នុងម្នាក់ៗ ទទួល ន១០ម៉ឺនរៀលផងដែរ៕