(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា បានបញ្ជាក់ជំហរយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ជាពិសេសលើការបន្តផ្តល់អាហាររូបករណ៍ថ្នាក់វេជ្ជបណ្ឌិតទូទៅ និងឈានដល់ថ្នាក់វេជ្ជបណ្ឌិតជំនាញ។

ជំនួបខាងលើនេះបានធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។

លោកស្រីឯកអគ្គរដ្ឋទូត បានបន្តថា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល គុយបានឹងមានការផ្លាស់ប្តូរបច្ចេកវិទ្យាផលិតឱសថវេជ្ជសាស្ត្រ និងការបញ្ជូនវេជ្ជបណ្ឌិតជំនាញព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែម និងជំនាញផ្សេងៗទៀតមកជួយបណ្តុះបណ្តាលនៅមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា តាមការស្នើសុំ ក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងកម្ពុជា និងសាធារណរណៈគុយបា។

ក្នុងឳកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាធារណរដ្ឋគុយបា ដែលកន្លងមកបានសហការគាំទ្រ និងរួមចំណែកលើកកម្ពស់សេវាសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា មកផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនពលរដ្ឋកម្ពុជា ចាប់តាំងពី ឆ្នាំ១៩៧៩ ក្រោយពេលដែលកម្ពុជាត្រូវបានរំដោះពីរបបខ្មែរក្រហម។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា បានជួយបណ្តុះបណ្តាល និងបង្ហាត់បង្ហាញជំនាញវេជ្ជសាស្ត្រដល់គ្រូពេទ្យ និងនិស្សិតពេទ្យកម្ពុជា ព្រមទាំងបានផ្តល់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល ជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។

ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ លើការចែករំលែកបទពិសោធន៍ព្យាបាលជំងឺមហារីក ទឹកនោមផ្អែម ជម្រុញធុរកិច្ចឱសថ វ៉ាក់សាំង និងបរិក្ខារពេទ្យ ការផ្តល់អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រទាំងរយៈពេលខ្លី និងវែង។

ភាគីពាក់ព័ន្ធនៃក្រសួងសុខាភិបាល នឹងធ្វើការជាមួយស្ថានទូតនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា រៀបចំគម្រោងបណ្តុះបណ្តាលគ្រូពេទ្យឯកទេសមហារីកនៃមន្ទីរពេទ្យហ្លួងម៉ែ ដោយក្រុមគ្រូពេទ្យពីប្រទេសគុយបា នៅក្នុងពេលឆាប់ៗខាងមុខនេះ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសសើរ និងបន្តស្នើសាធារណរដ្ឋគុយបា បន្តពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅ សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ក្នុងជំនួបខាងលើនេះលោកស្រី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ក៏បានថ្លែងអបអរសាទរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលលោកសាស្ត្រាចារ្យ ទទួលបានទំនុកទុកចិត្តពីរាជរដ្ឋាភិបាលអណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល៕