(ភ្នំពេញ)៖ ការបង្កើតសំណល់ប្លាស្ទិក បានបង្កបញ្ហាបរិស្ថានជាច្រើនដូចជា៖ ការបំពុលខ្យល់ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយការដុតសំណល់ប្លាស្ទិក ការប៉ះពាល់សុខភាពមនុស្ស-សត្វដោយកំណើនវត្តមានពពួកមីក្រូប្លាស្ទិកក្នុងប្រភពទឹក និងការបង្កគ្រោះថ្នាក់ដល់ជីវៈចម្រុះពីសំណល់ប្លាស្ទិកយ៉ាងច្រើននៅក្នុងសមុទ្រ និងមហាសមុទ្រ។

ក្រៅពីថង់ប្លាស្ទិក នៅមានសម្ភារប្លាស្ទិកប្រើក្នុងសេវាអាហារ និងភេសជ្ជៈដូចជា៖ ចាន ប្រអប់ស្នោរ កែវ ស្លាបព្រា សម កាំបិត បំពង់បឺត ប្រអប់ជ័រ ដែលកំពុងពេញនិយមប្រើប្រាស់កាន់តែច្រើនឡើងៗ។

តាមការស្រាវជ្រាវរបស់បណ្ឌិតសភាវិទ្យាសាស្ត្រអាមេរិក ចេញផ្សាយកាលពីពេលថ្មីៗនេះ ការប្រើប្រាស់ដបប្លាស្ទិកសម្រាប់ពិសារទឹក អាចប៉ះពាល់ដល់សុខភាព។ អ្នកជំនាញបានបង្ហាញថា មានប៉ះពាល់ដោយសារភាគល្អិតនៃប្លាស្ទិក នៅក្នុងទឹកមានរហូតរាប់ពាន់ភាគល្អិតក្នុងទឹក ១លីត្រ ដែលច្រកនៅក្នុងដបប្លាស្ទិក។ ភាគល្អិតនៃប្លាស្ទិក អាចបង្កហានិភ័យដល់សុខភាព (បញ្ហាសសៃឈាមបេះដូង និងខួរក្បាល) និងជាកត្តាបង្កឱ្យមានជំងឺមហារីកជាដើម។

ដូចគ្នាដែរចំពោះ ការប្រើប្រាស់ប្លាស្ទិកសម្រាប់ច្រកម្ហូបអាហារ។ ថង់ប្លាស្ទិក និងប្រអប់ស្នោ ត្រូវបានគេប្រើប្រាស់សម្រាប់ច្រក ឬវេចខ្ចប់របស់របរផ្សេងៗ រួមទាំងម្ហូបអាហរ។ ប្លាស្ទិក ឬប្រអប់ស្នោដែលច្រកអាហារក្តៅអាចមានបញ្ហាប្រឈមជំងឺមួយចំនួន ជាពិសេសជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺតម្រងនោម និងប៉ះពាល់ដល់ប្រព័ន្ធចងចាំ៕