(ឥណ្ឌូនេស៊ី)៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញប្រគល់ពានរង្វាន់ប្រចាំខែធ្នូ ដល់បុគ្គលិកឆ្នើមនៅលេខាធិការដ្ឋានអាស៊ាន។

សូមជម្រាបជូនថា នេះជាជ័យលាភីទី៥ ហើយ ដែលត្រូវបានទទួលពានរង្វាន់ប្រចាំខែ ក្រោមគំនិតផ្តួចផ្តើមរបស់លោកបណ្ឌិត កៅ គឹមហួន នៅក្នុងអាណត្តិរបស់គាត់។ ជ័យលាភីទទួលបានវិញ្ញាបនបត្រ ក៏ដូចជារង្វាន់លើកទឹកចិត្ត ពីលោកអគ្គលេខាធិការអាស៊ាន។

បន្ទាប់មក នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន បានបន្ដអញ្ជើញពិសាបាយការងារ រៀបចំដោយលោកស្រី Hou Yanqi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានធ្វើការពិភាក្សារកវិធី ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ជាពិសេស ជំរុញសកម្មភាពផ្សេងៗ ដើម្បីអបអរឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងអាស៊ាន និងចិន នៅឆ្នាំ២០២៤ នេះ៕