(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យលោក សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួបនេះ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឲ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានលើកទ្បើងអំពីវឌ្ឍនភាពរីកចម្រើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូនេស៊ី ដែលជាចំណងមិត្តភាពយូរអង្វែងមកហើយ។

ជាមួយគ្នានេះផងដែរ លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់អំពីការបេ្តជ្ញាចិត្ត ក្នុងការជំរុញទំនាក់ទំនងនេះ ឲ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត។ មួយវិញទៀត លោក សាន់តូ ដាម៉ូស៊ូម៉ាតូ ក៏បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាព​ និងសមិទ្ធផល​ជាច្រើន ដែលរាជរដ្ឋាភិបាល អាណតិ្តទី៧នេះ សម្រេចបានត្រឹមតែរយៈពេលប្រមាណជាង១០០ថ្ងៃ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់លោក សាន់តូ ដាម៉ូស៊ូម៉ាតូ និងសហការី ព្រមទាំងបានអរគុណចំពោះការបេ្តជ្ញាចិត្ត ក្នុងការបន្តជួយលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធ។

ទន្ទឹមនឹងនេះ សម្តេចធិបតី និងលោក​អគ្គរដ្ឋទូត​ ក៏បានលើកទ្បើងផងដែរ អំពីវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសក្តានុពលជាច្រើន រួមមានជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេស ជំរុញការភ្ជាប់ទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរនិស្សិត និងការផ្លាស់ប្តូរសហគ្រិនវ័យក្មេង ជាដើម៕