(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យលោកស្រី ធាវ ឡេ ឈិង (TEO Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ លោកស្រី ធាវ ឡេ ឈិង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឲ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកស្រីឯកអគ្គរដ្ឋទូត បានលើកទ្បើងអំពីភាពរីកចម្រើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-សិង្ហបុរី នាពេលកន្លងមក នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល និងអប់រំ ព្រមទាំងបានបញ្ជាក់ អំពីការបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញទំនាក់ទំនងនេះ ឲ្យកាន់តែរីកលូតលាស់បន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកស្រី ធាវ ឡេ ឈិង និងសហការី ព្រមជាមួយនឹងការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីឯកអគ្គរដ្ឋទូត នៅក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាលើទិសដៅ នៃការបន្តកិច្ចសហប្រតិបត្តិការ ក្នុងវិស័យមួយចំនួន ដែលជាផលប្រយោជន៍រួម សម្រាប់ប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ទាំងក្នុងកម្រិតវេទិកាតំបន់ និងឆាកអន្តរជាតិ៕

</div