(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងអង្គមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៤) នៅបរិវេណសាលាស្រុកកំចាយមារ ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានបង្ហាញនូវក្តីសោមនស្សរីករាយជាទីបំផុត ដែលបានចូលរួមក្នុងអង្គមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាបុណ្យជាតិ ៧មករាដ៏មហោឡារឹក ដែលជាបុណ្យរបស់ប្រជាជនកម្ពុជា បានរួចផុតពីរបបប្រល័យពូជសាសន៍នាពេលនេះ។

នាយឧត្តមសេនីយ៍ បានបង្ហាញនូវចំណាប់អារម្មណ៍ដល់អង្គពិធី ដើម្បីជាការយល់ដឹង និងចងចាំជានិច្ចថា គ្រាដែលប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ មានកម្លាំងនយោបាយតែមួយគត់គឺគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូរំដោះជាតិដណ្តើមបានមហាជ័យជម្នះ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សង្គ្រោះជីវិតប្រជាជនកម្ពុជា ឲ្យរួចផុតពីសេចក្តីស្លាប់ និងបានដឹកនាំប្រទេសជាតិ ធ្វើឱ្យប្រជាជនរស់នៅក្នុងកិត្តិយស សេចក្តីថ្លៃថ្នូរ សុខសន្តិភាព ប្រកបដោយសេចក្តីសង្ឃឹម និងភាពញញឹមស្រស់ស្រាយគ្រប់ពេលវេលា និងគ្រប់ទីកន្លែង រហូតមកដល់បច្ចុប្បន្ននេះ។

បើតាមនាយឧត្តមសេនីយ៍ ស ថេត, បើគ្មានមហាជ័យជម្នះ ៧ មករា ១៩៧៩ គឺគ្មានអ្វីៗទាំងអស់ដូចថ្ងៃនេះទេ នេះជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបុគ្គលណាបដិសេធបានឡើយ។ ក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ទេពកោសល្យ និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេ្ទសដ៏ឆ្នើមបានធ្វើឱ្យប្រទេសកម្ពុជា និងប្រជាជនបានរស់រានឡើងវិញ មានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។

ដើម្បីជាសក្ខីភាពនៃការដឹងគុណ ចំពោះបុព្វការីជន៧មករា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា នាយឧត្តមសេនីយ៍ ស ថេត បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការការពារសន្តិភាព ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ ការពារព្រះមហាក្សត្រ គាំទ្រអនុវត្តឲ្យបានជោគជ័យនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ព្រមទាំងចូលរួមអនុវត្តកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលតាមអភិក្រម ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់ ប្រកបដោយឆន្ទៈមុតស្រួច ស្រុះដៃគ្នា និងមានប្រសិទ្ធភាព និងបន្តពង្រឹងនិងពង្រីកកេរ្តិ៍មរតកនៃថ្ងៃជ័យជម្នះ ៧មករា ដើម្បីភាពរុងរឿងថ្កើនថ្កានរបស់ព្រះរាជាណាចក្រកម្ពុជាជារៀងរហូត៕