(ភ្នំពេញ)៖ «ក្សត្រិយៈ ភាពជាអ្នកដឹកនាំតាមបែបប្រពៃណីខ្មែរ» ត្រូវបានសម្ពោធជាផ្លូវការ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ នៅ សាលប្រជុំ សូវ ហុងគុយ (ជាន់ទី១៧) អគារ លីម គីមណយ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ដែលរៀបចំដោយគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច។

សៀវភៅនេះគឺជាស្នាដៃដំបូង ដែលនិពន្ធជាភាសាខ្មែរដោយលោកបូជាចារ្យ គង់ វៀល សមាជិកនៃ សមាគម បេសកជនសាសនាគ្រិស្តនៃប្រទេសបារាំង ដែលមានវត្តមាននៅប្រទេសកម្ពុជាតាំងពីសតវត្សទី១៧ មកម៉្លេះ។ បន្ទាប់ពីរៀនភាសាខ្មែរអស់រយៈពេល៣ឆ្នាំ ធ្វើដំណើរទៅស្ទើរតែគ្រប់ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា រស់នៅខេត្ត សៀមរាប១ឆ្នាំពេញ ដើម្បីស្វែងយល់ពីបុរាណស្ថានក្នុងតំបន់អង្គរ និងសិក្សានៅបណ្ណាល័យនៃមជ្ឈមណ្ឌលខេមរ សិក្សាស្ថិតក្នុងវត្តដំណាក់ លោកបានប្រមូលផ្តុំការឆ្លុះបញ្ចាំងរបស់លោកចេញពីប្រភពផ្សេងៗ ទាំងប្រពៃណី និងការសិក្សាស្វែងយល់ពីការដឹកនាំរបស់ខ្មែរពីដើម។

លោកបូជាចារ្យ គង់ វៀល បានថ្លែងនៅក្នុងកម្មវិធីសម្ពោធសៀវភៅថា មូលហេតុដែលលោកនិពន្ធសៀវភៅនេះ ក៏ព្រោះតែលោកបានពេញចិត្តចំពោះវប្បធម៌ខ្មែរ ហើយពេលសិក្សាពីប្រវត្តិសាស្ត្រខ្មែរ លោកឃើញថា ពុំសូវមានការសរសេរចងក្រង ពីការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ដែលខ្លាំងពូកែនៅសម័យមុននោះទេ។ ផ្ទុយទៅវិញ លោកសង្កេតឃើញភាពច្រើន គេសរសេរតែពាក្យដឹងនាំរបស់អ្នកខ្លាំង ដែលជាបរទេស ដូចជា អាឡិចហ្សង់ដឺដ៏អស្ចារ្យ, ណាប៉ូឡេងអុង បូណាប៉ាត និងវិនស្តុន ធឺឈីល ជាឧទាហរណ៍។

«តើមានសៀវភៅណារៀបរាប់ពីភាពជាអ្នកដឹកនាំតាមបែបខ្មែរជាក់លាក់ទេ? ក្នុងចំណោម ប្រភេទផ្សេងៗ ជាច្រើន យើងឃើញមានច្រើន គឺប្រលោមលោកបែបមនោសញ្ចេតនា សៀវភៅរឿងកុមារ សៀវភៅស្រាវជ្រាវ ពីប្រវត្តិសាស្ត្រ គន្លឹះជោគជ័យ និងវត្តមានជាពិសេសនៅក្នុងបណ្ណាគារកម្ពុជា គឺសៀវភៅស្តីពីភាពជា អ្នកដឹកនាំ ទូទៅតែប៉ុណ្ណោះ»។ នេះបើតាមខ្លឹមសារសេចក្តីប្រកាសព័ត៌មាន ដែលបង្ហាញក្នុងកម្មវិធីសម្ពោធសៀវភៅ។

សេចក្តីប្រកាសព័ត៌មាន បានបន្តថា «លើសពីនេះទៅទៀត គំរូនៃភាពជាអ្នកដឹកនាំដែលត្រូវបានបោះពុម្ពផ្សាយ ភាគច្រើនជាសៀវភៅ ដែលលើកយគំរូបរទេស រាប់ចាប់ពីលោក Elon Musk រហូតដល់ Barack Obama ឬពីលោក មហាត្មះ គន្ធី រហូតដល់លោក ម៉ៅ សេទុង។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្រួមគម្លាតរវាងការសិក្សាប្រវត្តិសាស្ត្រ និងការណែនាំ អំពីភាពជាអ្នកដឹកនាំ ខ្លឹមសារក្នុងសៀវភៅនេះ សិក្សាអំពីជីវិតរបស់ព្រះមហាក្សត្រខ្មែរទាំងប្រាំបីអង្គ ទាំងរឿង ព្រេងនិទាននិងប្រវត្តិសាស្ត្រមុននិងក្រោយអាណាចក្រអង្គរដ៏រុងរឿង ហើយបានទាំងលើកឡើងពីកត្តារួម ក្នុងការដឹកនាំ គឺគុណធម៌»។

ក្សត្រិយៈ គឺមានប្រភពមកពីពាក្យសំស្ក្រឹត សំដៅលើវណ្ណៈមួយក្នុងចំណោមបួននៅក្នុងសង្គម ឥណ្ឌានីយកម្ម ដែលជាក្រុមអ្នកចម្បាំង។ ព្រះមហាក្សត្រដែលគេស្គាល់ជាភាសាខ្មែរថា មហាកស្សបតិយ្យ ជាអ្នកចម្បាំងដ៏អស្ចារ្យ ជាអ្នកចម្បាំងនៃសន្តិភាព «ជានិមិត្តរូបនៃឯកភាពជាតិនិងភាពអមតៈ» ដូចមានចែងក្នុងមាត្រា៨ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់មូលដ្ឋានរបស់ព្រះរាជាណាចក្រកម្ពុជា។ ស្តេចមួយអង្គៗ បង្ហាញពីទេពកោសល្យ ដ៏អស្ចារ្យផ្សេងៗគ្នា រាប់ចាប់ពីព្រះបាទយសោវរ្ម័នទី១ ដល់ព្រះបាទអង្គឌួង ដែលមានគំនិតច្នៃប្រឌិត។ ព្រះបាទជ័យវរ្ម័នទី៧ ដ៏អស្ចារ្យ នៅតែមានឥទ្ធិពលឱ្យសិស្សានុសិស្សគ្រប់សាលាទាំងអស់ ក្នុងប្រទេសកម្ពុជាជ្រួតជ្រាបពីភាពជាអ្នកដឹកនាំ ហើយតួលេខនៃភាពជាអ្នកដឹកនាំបែបនេះ អាចត្រូវបានគេរកឃើញនិងណែនាំជាគំរូនៃ ភាពជាអ្នកដឹកនាំដ៏យូរអង្វែងសម្រាប់កម្ពុជា។

បើតាមលោកបូជាចារ្យ គង់ វៀល សៀវភៅនេះគឺជាការស្រាវជ្រាវដែលនៅតែបន្ត ហើយត្រូវតែមានការកែលម្អតាមរយៈ កិច្ចពិភាក្សានិងការផ្លាស់ប្តូរយោបល់ ដើម្បីជំរុញឱ្យកាន់តែមានវប្បធម៌នៃការដឹកនាំប្រកបដោយ ភាពក្លាហាន និងគុណធម៌ ទាំងក្នុងនិងក្រៅប្រទេស។ លោកអរគុណចំពោះការដឹកនាំបច្ចុប្បន្ន ដែលធានាបាននូវយុគសម័យ ដ៏យូរបំផុតមួយនៃសន្តិភាពនៅកម្ពុជា ចាប់តាំងពីរបបរាជានិយមត្រឡប់មកវិញ។

សៀវភៅដែលផ្តល់ចំណារសេចក្តីផ្តើមដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នេះ នឹងចរាចរទៅគ្រប់បណ្ណាគារទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាដៃនេះត្រូវបានបោះពុម្ពផ្សាយជាពីរ ភាសាតែម្តង គឺភាសាខ្មែរនិងអង់គ្លេស។ ចំណែកភាសាបារាំង គឺកំពុងតែត្រៀមរៀបចំផងដែរ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងឱកាសនោះ ក៏បានប្រកាសទទួលឧបត្ថម្ភការបោះពុម្ភសៀវភៅណា ដែលជាស្នាដៃផ្ទាល់ខ្លួន ដើម្បីលើកស្ទូយការអាននៅកម្ពុជា។ អ្នកឧកញ៉ា ក៏បានសំណូមពរឲ្យមានការអាន ដោយអានឲ្យច្បាស់ អានឲ្យជ្រៅ និងអានឲ្យយល់ ដើម្បីការលូតលាស់ផ្នែកគំនិត៕