(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា លោកស្រី លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodriguez Barrios) បានបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសបន្តផ្តល់អាហារូបករណ៍សុខាភិបាលដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសគុយបា។

ការប្រកាសនេះ បានធ្វើឡើងក្នុងឱកាស លោកស្រី លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ ដែលត្រូវចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលបេសកកម្មការទូតរបស់លោកស្រី ឯកអគ្គរដ្ឋទូត ក្នុងការចូលរួមពង្រឹងពង្រីក ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងគុយបា ដែលមានតំាងពីយូរលុងមកហើយនោះ ឱ្យកាន់តែរីកចម្រើនឡើងជាលំដាប់។ សម្តេច បានលើកឡើងពីភាពសកម្មរបស់លោកស្រី ឯកអគ្គរដ្ឋទូត នៅក្នុងរយៈពេលបំពេញបេសកកម្មការទូតនៅកម្ពុជាថា បានចូលរួមគ្រប់កម្មវិធីសង្គម នយោបាយ និងការងារស្រ្តី។ សម្តេចបានលើកឡើងថា ដោយសារស្ថិតនៅក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា ស្រ្តីកម្ពុជា និងគុយបា បានក្រោកឈរយ៉ាងរឹងមាំ រួមសហការជាមួយបុរស នៅក្នុងការបំពេញការងារគ្រប់វិស័យ ដោយភាពរឹងមាំ ក្លាហាន។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា ភាពលំបាកបានធ្វើស្រ្តី រឹងមាំ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងកោតសរសើរចំពោះរដ្ឋសភាប្រទេសគុយបា ដែលមានសមាជិកជាស្រ្តីដល់ទៅជាង ៥៣% ឈរនៅក្នុង លំដាប់លេខរៀងទី២ លើសកលលោក ក្នុងចំណោមរដ្ឋសភាមានសមាជិកជាស្រ្តីច្រើនជាងគេ បន្ទាប់ពីរដ្ឋសភារ៉ូវ៉ាន់ដា ដែលមានចំនួនសមាជិកសភា ស្រ្តីរហូតដល់ ៦១%។ ការដែលមានសមាជិកសភាជាស្រ្តីច្រើននេះ មិនត្រឹមជាការលើកកម្ពស់សមភាពយេនឌ័ររវាងស្រ្តី និងបុរសប៉ុណ្ណោះទេ តែជាការផ្តល់អំណាចដល់ស្រ្តី នៅក្នុងការកាន់តួនាទីជាអ្នកសម្រេចចិត្តផងដែរ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សមាជិកសភាស្ត្រី គឺមានសារៈសំខាន់ណាស់ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់របស់ជាតិ។

ជាមួយគ្នានេះដែរ លោកស្រី លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ ក៏បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ស្រ្តីកម្ពុជា នៅក្នុងការងារនយោបាយ សង្គម និងសេដ្ឋកិច្ច។ ជាពិសេសលោកស្រី បានលើកឡើងពីសមត្ថភាព និងទេពកោសល្យក្នុងការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ថាជាគំរូ និងជានិមិត្តរូបរបស់ស្រ្តី។ លោកស្រីឯកអគ្គរដ្ឋទូតផ្ទាល់ បានសិក្សា និងរៀនសូត្របានយ៉ាងច្រើនពី សម្តេចប្រធានរដ្ឋសភា ផងដែរ។ ការបញ្ចប់បេសកកម្មនៅកម្ពុជា ប្រៀបដូចជាឃ្លាតឆ្ងាយពីគ្រួសារ។ ប៉ុន្តែលោកស្រី ពេញចិត្តចំពោះជោគជ័យនៃបេសកកម្មការទូតនៅកម្ពុជា ដែលទទួលបានការគំាទ្រ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាល រដ្ឋសភា និងជាពិសេសពីប្រជាពលរដ្ឋកម្ពុជា។ លោកស្រី ឯកអគ្គរាជទូត បានលើកឡើងថា «គុយបា នៅបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសបន្តផ្តល់អាហារូបករណ៍សុខាភិបាលដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសគុយបា»

ជាចុងក្រោយ កម្ពុជា-គុយបា ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា គុយបា ដែលបានពូនជ្រំឡើង ដោយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃប្រទេសទំាងពីរ តាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ និងអតីតប្រធានាធិបតី ហ្វីដែល កាស្រ្តូ មក។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា គុយបាជាមិត្តដ៏ល្អរបស់កម្ពុជា ដែលបានជួយកម្ពុជានៅគ្រាលំបាក ក្រោយពីងើបចេញពីរបបប៉ុលពតប្រល័យពូជសាសន៍ ក្នុងឆ្នាំ១៩៧៩៕