(កំពង់ឆ្នាំង)៖ សមិទ្ធផលនានាក្នុងវត្តចំប៉ី ស្ថិតនៅភូមិច្រមុះជ្រូក ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានចំណាយថវិកាសាងសង់ក្នុងដំណាក់កាលទី៣ ក្រោមការចូលរួមឧបត្ថម្ភសាងសង់ពីអគ្គមហាពុទ្ធសាសន៍នូបត្ថម្ភ ទិត មាលា ញាណឡេង រួមទាំងកូនចៅ អស់ថវិកា ៥១០ ៩១៤.១៤ដុល្លារ ដែលបានចាប់ផ្តើមជួលជុសសាងសង់ចាប់ពីថ្ងៃខែមករា ឆ្នាំ២០២៣ ដល់បំណាច់ខែធ្នូ ឆ្នាំ២០២៣ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នុងវត្តចំប៉ីនេះ បានធ្វើឡើងនាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង និងលោកស្រី តំណាងសម្តេចសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងដោយមានការចូលរួមពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, លោកស្រីអគ្គមហាពុទ្ធសាសន៍នូបត្ថម្ភ ទិត មាលា ញាណឡេង លោកឧត្ដមសេនីយ៍ ទោ ហាក់ ងួនឈាង លោកស្រី ឡេង ផលលាភី រួមទាំងមានការចូលរួមពីលោកតា លោកយាយ សិស្សានុសិស្សជាច្រើននាក់ផងដែរ។

នាឱកាសនោះ លោក គុយ សុផល បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក ពីសម្តេចថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានដូចជា៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រគេនជូនព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងលោក លោកស្រី ប្រជាពលរដ្ឋ លោកតាលោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលបានចូលរួមនាពិធីនេះផងដែរ។

បើតាមលោក គុយ សុផល ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ វត្តចំប៉ី និងវត្តដ៏ទៃទៀត និងជំនឿសាសនា ត្រូវបានបង្កើតឡើងវិញ ក្រោយពីទីអារាម និងសមិទ្ធផលនានាត្រូវបានបំផ្លាញគ្មានសល់ដោយសារសង្គ្រាម និងបានកសាងឡើងវិញជាបណ្តើរៗ ដោយមានការចូលរួមពីសំណាក់មហាពុទ្ធបរិស័ទជាច្រើន បានចូលរួមសហការគ្នាកសាង និងបានកែប្រែវត្តអារាមឱ្យក្លាយជាទីអារាមអភិរក្សវប្បធម៍ អរិយធម៍ ប្រពៃណី ទំលៀមទំលាប់សាសនា ដើម្បីទុកជាកេរិ៍តំណែលសម្រាប់មនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ។

លោក គុយ សុផល ក៏បានអំពាវនាវឱ្យលោកតា លោកយាយ ប្រជាពលរដ្ឋ រួមទាំងសិស្សានុសិស្សទាំងអស់ រួមគ្នា ចូលរួមថែរក្សានូវសមិទ្ធដែលបានសាងសង់រួចទាំងនេះឱ្យបានស្ថិតស្ថេរបានយូរអង្វែង សម្រាប់ប្រជាពុទ្ធបរិស័ទគោរពបូជា ជារៀងដរាបតទៅ។

លោកឧត្តមសេនីយ៍ឯក ទេព​ សុខន ជំនួយការលោកស្រីអគ្គមហាពុទ្ធសាសន៍នូបត្ថម្ភ ទិត មាលា ញាណឡេង បានបញ្ជាក់ថា ការសាងសង់សមិទ្ធផលនានាក្នុងវត្តចំប៉ី ដំណាក់កាលទី៣នេះរួមមាន៖ ការជួសជុលលូអ៊ុយរំដោះទឹកភ្លៀងប្រវែង ២៩០ម៉ែត្រ ចំណាយថវិកា១៤,៥០០$ , ផ្លូវបេតុង ៦ខ្សែ តូច ៤ខ្សែ ធំ ២ខ្សែ ប្រវែង ១ ៧១០ម៉ែត្រ ចំណាយថវិកា ៣០,៧៨០$ , សាងសង់ចេតិយបរមសុគតិសមូដ្ឋាន ១ខ្នង ដាក់កោដិបាន ៥០០០កោដិ ចំណាយថវិកា ៥៧,០០០$, សាងសង់ស្ថាបនៈចេតិយ ១ខ្នង(ស្តូប) ចំណាយថវិកា ៥៤,០០០$ , ស្ថាបនាផ្លូវបេតុងពីក្លោងទ្វារ ខាងជើងចូលមកដល់ខឿនព្រះវិហារ និងព័ទ្ធជុំវិញព្រះវិហារ ចំណាយថវិកា ៣០,១០០$ មានការចូលរួមពីព្រះចៅអធិការ គណៈកម្មការ និងពុទ្ធបរិស័ទ ៥,០០០$ សរុបថវិកា ១៨៦,៣៨០$ ។

ការងារជួសជុលព្រះវិហារ៖ បានរៀបចំក្រាលបាតខឿន និងពង្រីកខឿនព្រះវិហារឡើងវិញ ដោយប្រើឥដ្ឋតាន់ចំនួន ៧០០០០ដុំ ចំណាយថវិកា ៣៧,០០០$ កសាងបល្ល័ង្កក្នុងព្រះវិហារ ចំណាយថវិកា ១០,០០០$ , កសាងព្រះពុទ្ធបដិមាអំពីស្ពាន់ និងលោហៈបីព្រះអង្គ ទម្រង់ភូមិបាសិមុទ្រាមួយព្រះអង្គ (ព្រះអង្គផ្ចាញ់មា) ២ព្រះអង្គ ទម្រង់វិរៈមុទ្រា (ប្រទានពរ) ចំណាយថវិកា ១០,០០០$ រចនាគូព្រះពុទ្ធរូបខាងក្នុងព្រះវិហារទាំងមូល ចំណាយថវិកា ៧៨,២៦០$ ប្តូរទ្វារ និងបង្អួចព្រះវិហារទាំងមូលចំណាយថវិកាអស់ ៤,៥០០$ ប្រថាប់ក្បាច់លើជញ្ជាំងព្រះវិហារខាងក្រៅថវិកាអស់ ៦,០០០$។

ទិញឥដ្ឋការ៉ូ តាមបែបបុរាណក្រាលក្នុងព្រះវិហារ ចំណាយថវិកា ៣,៤៣៧.៥$ លាបថ្នាំជញ្ជាំងព្រះវិហារ និងក្លោងទ្វារថ្ម ចំណាយថវិកា ១២,៨១៩.៦៤$ រៀបចំបណ្តាញអគ្គិសនី និងអំពូលលម្អក្នុងព្រះវិហារអស់ថវិកា ៤,៥១៧$ ឈ្នួលជាងពលកម្មជួសជុលព្រះវិហារទាំងមូល អស់ថវិកា ១៥០,០០០$ ។ មានការចូលរួមថវិកាពីចៅអធិការ គណៈកម្មការ ពុទ្ធបរិស័ទ ជួសជុលព្រះវិហារ ទឹកប្រាក់ ៨,០០០$ សរុបថវិកា ៣២៤,៥៣៤.១៤USD សរុបចំណាយថវិកាសាងសង់ ដែលជាថវិកាលោកស្រីអគ្គមហាពុទ្ធសាសននូបត្ថម្ភក៏ ទិត មាលា ញាណ ឡេង និងកូនចៅមានចំនួន ៤៩៧,៩១៤.១៤$។ សរុបទាំងថវិកាពុទ្ធបរិស័ទចូលរួមមាន ៥១០,៩១៤.១៤$។

នាឱកាសនោះក៏មានការចែកអំណោយជូនដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ ៥០នាក់ រួមមានក្នុងម្នាក់ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកសុទ្ធ ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ប៊ីចេង ១ថង់ អំបិល ១គីឡូ ក្រមារ ១ ភួយ ១ និងថវិកា ៥ម៉ឺនរៀល។ រួមទាំងមានការផ្តល់អំណោយជូន សិស្សានុសិស្ស មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ប៉ុស្តិ័រដ្ឋបាល មណ្ឌលសុខភាព លោកគ្រូ អ្នកគ្រូ លោកតា លោកយាយ ក្រុមកាយឫទ្ធិ និងក្រុមកាកបាទក្រហម ជាច្រើននាក់ទៀតផងដែរ៕