(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានលើកឡើងថា អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយហ៊ានប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់នោះ នឹងទទួលបាននូវការបន្ធូរបន្ថយទោស ប៉ុន្ដែមិនមែនមានន័យថា រួចផុតពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌនោះទេ។

ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានគូសបញ្ជាក់ថា ផ្ទុយពីការបន្ធូរបន្ថយទោស ចំពោះអ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍បានគេចវេសមិនទទួលខុសត្រូវ នឹងត្រូវបូកបន្ថែមនូវបទល្មើសមួយប្រភេទទៀត គឺបទល្មើសរត់គេចខ្លួន។

លោក កើត រិទ្ធ បានសង្កត់ធ្ងន់ថា ចំពោះអ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចមិនទទួលត្រូវ នោះនឹងត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។ ដូច្នេះករណីសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវផ្ដល់អាទិភាពក្នុងការយកចិត្តទុកដាក់ផងដែរ។

ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំលើកទឹកចិត្តឲ្យមានការប្រើប្រាស់វិធានការបន្ធូរបន្ថយផ្អែកលើច្បាប់ មិនមែនមានន័យថារួចខ្លួននោះទេ ប៉ុន្ដែនឹងប្រើប្រាស់វិធានការបន្ធូរបន្ថយមួយ ប្រសិនបើអ្នកដែលបង្ក គ្រោះថ្នាក់ចរាចរណ៍ គាត់បង្ហាញភាពក្លាហាន និងសហការចូលដោះស្រាយចំពោះមុខច្បាប់»

លោករដ្ឋមន្ដ្រីបានពន្យល់ថា គ្រោះថ្នាក់ចរាចរណ៍ តាមច្បាប់មិនជាប់ទោសមួយជីវិតនោះទេ ប៉ុន្ដែបើអ្នកបង្កមិនហ៊ានប្រឈមចំពោះមុខច្បាប់ទេនោះ នឹងក្លាយទៅជាមនុស្សក្រៅច្បាប់អស់មួយជីវិត ដូច្នេះប្រសិនបើអ្នកបង្កចូលមក ប្រឈមមុខដោះស្រាយតុលាការត្រូវប្រើប្រាស់វិធានការបន្ធូរបន្ថយ ហើយនេះគឺជាការធានាបាននូវសំណង់ និងយុត្តិធម៌។

លោក កើត រិទ្ធ បានបន្ថែមទៀតថា នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង អ្វីដែលត្រូវគិតគូរមុនគេ គឺសំណងដល់ជនរងគ្រោះ រួចទើបកំណត់រកអ្នកខុស ឬអ្នកត្រូវ ដោយផ្អែកទៅលើអង្គហេតុ អង្គច្បាប់ និងភស្ដុតាងជាក់ស្ដែង។

គួរជម្រាបថា មួយរយៈពេលចុងក្រោយនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ ពិសេសនៅក្នុងរាជធានីភ្នំពេញ ហើយតែងតែកើតឡើងនៅពេលរាត្រី។ ក្នុងនោះ ករណីខ្លះបានបង្កឲ្យជនរងគ្រោះរងគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត ខណៈអ្នកបង្កតែងតែព្យាយាមរត់គេចខ្លួន។

ត្រង់ចំណុចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ធ្លាប់ដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវចាប់វាយខ្នោះភ្លាមៗចំពោះអ្នកបើកបរទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃរហូតបាត់បង់ជីវិត ដោយមិនចាំបាច់សុំគោលការណ៍ពីថ្នាក់ដឹកនាំនោះទេ។ សម្ដេចអះអាងថា មន្ដ្រីនគរបាលដែលអនុវត្តត្រឹមត្រូវតាមច្បាប់បែបនេះ សម្ដេចនឹងតម្លើងឋានន្ដរស័ក្ដិជូនទៀតផង៕