(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ ដែលបានធ្វើសកម្មភាព យកដាវភ្ជង់ប្លន់យកម៉ូតូពីអ្នកដឹកជញ្ជូនម្នាក់ នៅក្នុងខណ្ឌឫស្សីកែវ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកចំណាតការតាមច្បាប់។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ច នៃអធិដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ចាប់ខ្លួនបានកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។

ជនសង្ស័យទាំង២នាក់ ទី១៖ឈ្មោះ រ៉ាយ រ៉ាវុធ អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះជួល សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មានសារធាតុញៀន) និងទី២៖ឈ្មោះ ធី សុបញ្ញារិទ្ធ អាយុ២៨ឆ្នាំ មានទីលំនៅភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។ ដោយឡែក សម្ភារបាត់បង់រួមមាន៖ ម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IN- 8015។ ចំណែកសម្ភារដកហូតរួមមាន ម៉ូតូ១គ្រឿង ម៉ាកធូដេ ពណ៌ប៉ៃតង ពាក់ផ្លាកលេខភ្នំពេញ 1AC-7327។

សូមរំលឹកថា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះដែលជាអ្នកដឹកជញ្ជូនម្ហូបតាមអនឡាញម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវក្នុងបុរីអង្គរ មកដល់ចំណុចកើតហេតុបានឈប់ម៉ូតូ បត់ជើងតូច រួចបានឡើងបើកម៉ូតូជិះចេញស្រាប់តែមានជនសង្ស័យចំនួន៤នាក់ បានជិះម៉ូតូសេ១២៥ មួយគ្រឿង និងជិះផាសអាប់១គ្រឿង បានឃើញឱកាសល្អជនសង្ស័យឈ្មោះ ធី សុបញ្ញារិទ្ធ ហៅក្រៅ ផល្លា បានចុះពីលើម៉ូតូយកដាវសាំម៉ូរ៉ៃ ធ្វើសកម្មភាពគំរាមភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច។

រួចជនសង្ស័យឈ្មោះ រ៉ាយ រ៉ាវុធ បើកម៉ូតូគេចខ្លួន និងឲ្យជនសង្ស័យ២នាក់ បើកផាសអាប់រារាំងមកលើជនរងគ្រោះ រួចនាំគ្នាជិះគេចខ្លួនបានសម្រេច។ បន្ទាប់មកជនសង្ស័យឈ្មោះ ធី សុបញ្ញារិទ្ធ ហៅក្រៅផល្លា បានយកម៉ូតូជនរងគ្រោះទៅលក់ លើផ្លូវនៅម្តុំឃ្លាំងរំសេវ ឲ្យបុរសម្នាក់មិនស្គាល់អត្តសញ្ញាបានប្រាក់ចំនួន៧០០ដុល្លារចែកគ្នាស្មើ យកប្រាក់ស៊ីចាយ និងប្រើប្រាស់គ្រឿងញៀនអស់។

ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងស្រាលបានសហការជាមួយកម្លាំងជំនាញខណ្ឌ បានប្រើប្រាស់កម្លាំងវិធានការជំនាញ បន្តស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបបានសង្ស័យចំនួន២នាក់ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕